ប្រទេសក្រិក កំពុងតែជួបការរំខានទូទាំងប្រទេស ដោយកប៉ាល់ត្រូវចតចោលនៅកំពង់ផែ ហើយសេវាកម្មរថភ្លើងត្រូវបញ្ឈប់ ខណៈបុគ្គលិកមិនទៅធ្វើការងារ នៅថ្ងៃអង្គារ (១៤ តុលា) នេះ ដើម្បីតវ៉ាប្រឆាំងនឹងផែនការកំណែទម្រង់ពលកម្ម ដែលរួមមានការបន្ថែមម៉ោងធ្វើការកាន់តែយូរក្នុងវិស័យឯកជន។

កូដកម្មបែបនេះដោយសហជីពវិស័យរដ្ឋ និងឯកជនដ៏ធំបំផុតរបស់ក្រិក គឺជាលើកទីពីរហើយក្នុងខែតុលា ហើយកើតឡើងស្របពេលការជជែកដេញដោលក្នុងសភា និងការបោះឆ្នោតនៅសប្តាហ៍នេះលើសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលស្តីពីកំណែទម្រង់។

បុគ្គលិកដែលចេញធ្វើកូដកម្ម រួមទាំងវេជ្ជបណ្ឌិត និងអ្នកសារព័ត៌មាននៅស្ថាប័នរដ្ឋ នឹងចេញតវ៉ាទន្ទឹមគ្នានឹងបាតុករផ្សេងទៀត ឆ្ពោះទៅកាន់សភាក្រិក នៅពេលថ្ងៃត្រង់ (ម៉ោងក្នុងស្រុក)។

សេចក្តីព្រាងច្បាប់នោះ អនុញ្ញាតឱ្យនិយោជកពង្រីកម៉ោងធ្វើការ ផ្តល់ឱ្យម្ចាស់ក្រុមហ៊ុននូវភាពបត់បែនបន្ថែមទៀតលើការជួលរយៈពេលខ្លី និងកែប្រែច្បាប់ស្តីពីការឈប់សម្រាកប្រចាំឆ្នាំក្នុងវិស័យឯកជន។ រដ្ឋាភិបាលនិយាយថា ច្បាប់នេះនឹងបង្កើតទីផ្សារការងារកាន់តែមានប្រសិទ្ធភាព និងអាចបត់បែនបាន ហើយក៏អាចការពារបុគ្គលិកពីការបណ្តេញចេញ ប្រសិនបើពួកគេបដិសេធមិនធ្វើការថែមម៉ោង។
ទោះយ៉ាងនេះក្ដី សហជីពការងារនិយាយថា កំណែទម្រង់នេះប៉ះពាល់ដល់សិទ្ធិកម្មករ លុបចោលថ្ងៃធ្វើការធម្មតា ៨ម៉ោង និងដកហូតសិទ្ធិចរចារបស់បុគ្គលិក នៅក្នុងប្រទេសមួយដែលមានប្រាក់ឈ្នួលជាមធ្យមនៅកម្រិតទាបរួចទៅហើយ បើធៀបនឹងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត៕