មន្ត្រីរដ្ឋាភិបាលទីក្រុងសេអ៊ូល បាននិយាយកាលពីថ្ងៃចន្ទ (១៣ តុលា) ថា អាជ្ញាធរក្នុងរដ្ឋធានីកូរ៉េខាងត្បូងមួយនេះ គ្រោងនឹងសាងសង់លេណដ្ឋានស៊ីវិលដំបូងគេរបស់ខ្លួន ដែលមានសមត្ថភាពទប់ការវាយប្រហារនុយក្លេអ៊ែរ នៅក្រោមអគារលំនៅដ្ឋានសាធារណៈ នៅត្រឹមឆ្នាំ២០២៨ ដើម្បីទប់ទល់ការគំរាមកំហែងពីកូរ៉េខាងជើង។

មន្ត្រីដដែលបន្តថា រដ្ឋាភិបាលទីក្រុង និងក្រុមហ៊ុនសារជីវកម្មលំនៅដ្ឋាន និងសហគមន៍សេអ៊ូល SHCC មានផែនការផ្តល់ជម្រកសម្រាប់មនុស្ស ៩៩៩គ្រួសារ ហើយជម្រកបែបនេះមានបំណងទប់ទល់នឹងការវាយប្រហារដោយនុយក្លេអ៊ែរ ជីវសាស្ត្រ ឬគីមី។
លេណដ្ឋាននៅក្នុងបន្ទប់ក្រោមដីនៃសំណង់អគារលំនៅដ្ឋាននោះ នឹងមានទំហំ ២.១៤៧ម៉ែត្រក្រឡា អាចផ្ទុកមនុស្សបានរហូតដល់ ១.០២០នាក់ក្នុងពេលតែមួយ និងផ្ទុកឧបករណ៍ផ្គត់ផ្គង់សម្រាប់ការរស់រានមានជីវិតរយៈពេល ១៤ថ្ងៃ។
កាសែត Seoul Shinmun ដែលរាយការណ៍ដំបូងគេពីផែនការនេះ បាននិយាយថា គម្រោងនោះគឺជាជំហានលើកដំបូងបំផុតរបស់រដ្ឋាភិបាលក្នុងតំបន់ ក្នុងការប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែរកាន់តែខ្លាំងឡើងពីប្រទេសជិតខាង កូរ៉េខាងជើង។
គួរឱ្យដឹងថា កូរ៉េខាងត្បូងមានជម្រកគ្រាប់បែកជិត ១៩.០០០កន្លែង នៅទូទាំងប្រទេស និងច្រើនជាង ៣.២០០កន្លែងក្នុងចំណោមនោះស្ថិតក្នុងទីក្រុងសេអ៊ូល ប៉ុន្តែលេណដ្ឋានភាគច្រើនមិនត្រូវបានសាងសង់ឡើងដើម្បីការពារប្រឆាំងនឹងការវាយប្រហារនុយក្លេអ៊ែរ គីមី ឬជីវសាស្រ្តនោះទេ៕

