អឺរ៉ុប៖ នាយកការិយាល័យនៅអឺរ៉ុបរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ទ្វីបនេះបានឈានចូលដល់ដំណាក់កាលនៃជំងឺរាតត្បាត ដែលលោកបានប្រដូចទៅនឹងបទឈប់បាញ់ជាមួយនឹងក្តីសង្ឃឹម នៃសន្តិភាពដែលពឹងផ្អែកលើវិធានការជាច្រើន។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោកវេជ្ជបណ្ឌិត Hans Kluge បាននិយាយថា ការចាក់វ៉ាក់សាំងការការពារជនងាយរងគ្រោះ និងការទទួលខុសត្រូវដោយបុគ្គលនៅតែជាគន្លឹះ ដើម្បីបន្ថែមរយៈពេលនៃការការពារកាន់តែខ្ពស់ទៅថ្ងៃអនាគត។ ខណៈរដូវរងាចុះខ្សោយទៅវិញនៅអឺរ៉ុបភាគច្រើនក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ លោក Kluge បាននិយាយថា មានឱកាសសម្រាប់បណ្ដាប្រទេសនៅទូទាំងទ្វីបអឺរ៉ុបក្នុងការគ្រប់គ្រងការចម្លងវីរុស COVID-19 ដោយកត្តាបីយ៉ាង៖ កម្រិតខ្ពស់នៃភាពស៊ាំដោយសារការចាក់វ៉ាក់សាំង និងការឆ្លងតាមធម្មជាតិ ទំនោរវីរុសក្នុងការរាលដាលតិចនៅក្នុងអាកាសធាតុក្តៅ និងភាពធ្ងន់ធ្ងរមានកម្រិតទាបនៃវីរុសបម្លែងខ្លួនថ្មី omicron។
ទោះជាយ៉ាងណាលោកបាននិយាយថា នេះទាមទារឲ្យបង្កើនការចែករំលែកវ៉ាក់សាំងបង្ការឆ្លងកាត់ព្រំដែន ដោយលោកបានបញ្ជាក់ថា វ៉ាក់សាំងត្រូវតែផ្តល់ដល់មនុស្សគ្រប់គ្នានៅទូទាំងទ្វីបអឺរ៉ុប និងលើសពីនេះ។ លោក Kluge បានកត់សម្គាល់ថា មានករណីឆ្លងវីរុសថ្មីចំនួន ១២លាននៅទូទាំងតំបន់អឺរ៉ុបកាលពីសប្តាហ៍មុន ជាចំនួនសរុបប្រចាំសប្តាហ៍ខ្ពស់បំផុតក្នុងអំឡុងពេលជំងឺរាតត្បាត។ លោកនិយាយថា ការកើនឡើងនេះត្រូវបានជំរុញដោយវីរុសបម្លែងខ្លួនថ្មី omicron ឆ្លងខ្ពស់ ប៉ុន្តែបាននិយាយថា ការចូលព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ គ្មានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ៕
អត្ថបទ៖ ប៊ុនថន