រដ្ឋាភិបាលរបស់វ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទ (ទី១៣ ខែតុលា) បានឲ្យដឹងថា ខ្លួននឹងបិទស្ថានទូត នៅក្នុងប្រទេសន័រវែស និងអូស្ត្រាលី ហើយបើកស្ថានទូតថ្មី នៅប៊ួគីណាហ្វាសូ និងហ្ស៊ីមបាវេ ដើម្បីរៀបចំរចនាសម្ព័ន្ធនៃសេវាកម្មបរទេសរបស់ខ្លួនឡើងវិញ បន្ទាប់ពីកើនឡើងនូវភាពតានតឹងជាច្រើនសប្តាហ៍ជាមួយសហរដ្ឋអាមេរិក។
រដ្ឋាភិបាលរបស់ប្រធានាធិបតី Nicolas Maduro បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបិទនេះគឺជាផ្នែកមួយនៃ «ការចាត់តាំងធនធានឡើងវិញជាយុទ្ធសាស្ត្រ» ដោយបន្ថែមថា សេវាកុងស៊ុល សម្រាប់ប្រជាជវ៉េណស៊ុយអេឡា នៅន័រវែស និងអូស្ត្រាលី នឹងត្រូវបានផ្តល់ដោយបេសកកម្មការទូត ដោយព័ត៌មានលម្អិតនឹងត្រូវចែករំលែកនៅប៉ុន្មានថ្ងៃខាងមុខ។
ក្រសួងការបរទេសន័រវេសបានឲ្យដឹងថា ខ្លួនបានទទួលបាននូវការជូនដំណឹង អំពីការបិទស្ថានទូត ប៉ុន្តែមិនដឹងពីហេតុផល សម្រាប់ការសម្រេចនេះទេ។ ន័រវែសមិនមានស្ថានទូត នៅទីក្រុងការ៉ាកាសឡើយ ហើយដោះស្រាយកិច្ចការក្នុងស្រុក តាមរយៈស្ថានទូតរបស់ខ្លួន នៅក្នុងរដ្ឋធានីនៃប្រទេកូឡុំប៊ី ដែលនៅជិតខាង។
ការប្រកាសនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគណៈកម្មាធិការរង្វាន់ណូបែល នៅទីក្រុងអូស្លូ បានប្រកាសថា មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា លោកស្រី Maria Corina Machado បានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥ ដោយសារការតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ៕