អាជ្ញាធរក្នុងតំបន់របស់អ៊ុយក្រែន បានបញ្ជាឱ្យជម្លៀសក្រុមគ្រួសារពីភូមិរាប់សិបកន្លែងកាលពីថ្ងៃអង្គារ (១៤ តុលា) នៅជិតទីក្រុង Kupiansk ភាគឦសាន ដែលត្រូវបានបំផ្លាញក្នុងសង្រ្គាម ដោយលើកឡើងពី "ស្ថានភាពសន្តិសុខកាន់តែអាក្រក់" ក្នុងតំបន់ដែលប្រឈមនឹងការវាយប្រហារខ្លាំងឡើងពីរុស្ស៊ី។

លោក Oleh Syniehubov អភិបាលនៃតំបន់ Kharkiv ភាគឦសាន បានសរសេរបង្ហោះលើកម្មវិធីផ្ញើសារតេលេក្រាមថា មនុស្សសរុបចំនួន ៤០៩គ្រួសារ ដែលមានកូនតូចចំនួន ៦០១នាក់ ត្រូវបានប្រាប់ឱ្យចាកចេញពីភូមិចំនួន ២៧កន្លែង ក្នុងតំបន់។ ក្រោយមក មន្ត្រីម្នាក់ទៀតនៅក្នុងតំបន់រងគ្រោះ បានប្រាប់ទូរទស្សន៍រដ្ឋ Suspilne ថា បញ្ជីរាយនាមតំបន់ដែលត្រូវជម្លៀស ត្រូវបានពង្រីកដល់ ៤០ភូមិ។
អស់ជាច្រើនខែមកហើយ កងកម្លាំងរុស្ស៊ី បាននិងកំពុងវាយប្រហារ និងរុលទៅមុខលើទីក្រុង Kupiansk ដែលត្រូវគេមើលឃើញថាជាគោលដៅសំខាន់ក្នុងយុទ្ធនាការវាយរុញឆ្ពោះទៅភាគខាងលិច ដោយឆ្លងកាត់ភាគកណ្តាល និងភាគខាងកើតអ៊ុយក្រែន ក្នុងសង្គ្រាមអាយុកាលជាង ៣ឆ្នាំកន្លះមកនេះ។ ដំបូងឡើយ ទីក្រុងនេះត្រូវកងកម្លាំងរុស្ស៊ីវាយយកបាន នៅដើមសប្តាហ៍នៃប្រតិបត្តិការយោធាពិសេសខែកុម្ភៈ ឆ្នាំ២០២២ លើអ៊ុយក្រែន ប៉ុន្តែកងកម្លាំងទីក្រុងគីវ ដណ្តើមបានមកវិញនៅពេលក្រោយ ក្នុងឆ្នាំដដែល។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីសប្តាហ៍មុន បានប្រាប់មន្ត្រីជាន់ខ្ពស់ថា កងកម្លាំងទីក្រុងមូស្គូ បានរក្សាផលប្រយោជន៍ជាយុទ្ធសាស្ត្រ នៅទូទាំងតំបន់ជួរមុខ។ មន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែន គឺលោក Oleksander Syrskyi ប៉ាន់ប្រមាណថា ជួរមុខលាតសន្ធឹងជាង ១.២០០គីឡូម៉ែត្រហើយ៕

