មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចសកលឆ្នាំ២០២៥ របស់ខ្លួនកាលពីថ្ងៃអង្គារ (១៤ តុលា) ដោយសារភាពរអាក់រអួលនៃពន្ធគយខ្ពស់ និងលក្ខខណ្ឌហិរញ្ញវត្ថុបានបង្ហាញថាមានភាពធូរស្រាលជាងការរំពឹងទុក ប៉ុន្តែក៏បានព្រមានថា សង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន ដែលជិតផ្ទុះឡើងជាថ្មី ជុំវិញការគំរាមកំហែងពន្ធបីខ្ទង់របស់លោកប្រធានាធិបតី Donald Trump អាចនឹងធ្វើឱ្យទិន្នផលធ្លាក់ចុះទៅវិញ។

IMF បាននិយាយក្នុងរបាយការណ៍ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនាពេលថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងប្រទេសសេដ្ឋកិច្ចសំខាន់ៗមួយចំនួន បានជៀសវាងការយកពន្ធខ្ពស់ដ៏អាក្រក់បំផុត ដែលលោក Trump ធ្លាប់បានគំរាមពីមុន ដោយជំរុញឱ្យមានការព្យាករប្រសើរឡើងជាលើកទីពីរចាប់តាំងពីខែមេសា មក។
ឥឡូវនេះ IMF ព្យាករពីកំណើន GDP ពិតប្រាកដរបស់ពិភពលោកនៅអត្រា ៣,២% សម្រាប់ឆ្នាំ២០២៥ ដោយកើនពីការព្យាករខែកក្កដា ៣% របស់ខ្លួន និងលើសការព្យាករខែមេសា ២,៨% ដែលតួលេខតិចតួចទាំងនេះបានកើតឡើងបន្ទាប់ពីលោក Trump បានដាក់ពន្ធ "បដិការ" ជាសកលក្នុងខែមេសា និងការសងសឹកទៅមកជាមួយចិន។ IMF មើលឃើញកំណើនពិភពលោកនៅអត្រា ៣,១% ក្នុងឆ្នាំ២០២៦ ដែលមិនផ្លាស់ប្តូរឡើយពីការព្យាករខែកក្កដា។
យ៉ាងណាមិញ លោក Trump កាលពីសប្ដាហ៍មុន បានគំរាមយកពន្ធ ១០០% លើទំនិញចិន - ពោលគឺបន្ថែមពីលើអត្រាជាមធ្យម ៥៥% មានស្រាប់- ជាការសងសឹកចំពោះការគ្រប់គ្រងរ៉ែកម្ររបស់ទីក្រុងប៉េកាំង ដែលនាំឱ្យចិនត្រៀមវិធានការវាយបកវិញជាបន្តបន្ទាប់។ ទាក់ទងនឹងភាពតានតឹងនេះ លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់ IMF បានព្រមានថា "ប្រសិនបើជម្លោះពាណិជ្ជកម្មក្លាយជាការពិតជាថ្មី នោះនឹងជាហានិភ័យណាស់សម្រាប់សេដ្ឋកិច្ចពិភពលោក ហើយស្ថានការណ៍នេះអាចកាត់បន្ថយការព្យាករកំណើនយ៉ាងខ្លាំង និងធ្វើឱ្យភាពមិនប្រាកដប្រជា ដែលកំពុងបំភ័យវិនិយោគិននិងបង្អាក់ការចំណាយ កាន់តែអាក្រក់បន្ថែមទៀត”៕

