ហ្វូងបាតុករគាំទ្រប៉ាឡេស្ទីន រាប់ពាន់នាក់កាលពីថ្ងៃអង្គារ (១៤ តុលា) បានដើរដង្ហែរក្បួនតវ៉ានៅទីក្រុង Udine ភាគខាងជើងនៃប្រទេសអ៊ីតាលី ដើម្បីប្រឆាំងនឹងវត្តមានអ៊ីស្រាអែល នៅមុនពេលការប្រកួតវគ្គជម្រុះ World Cup របស់អ៊ីតាលី ទល់នឹងអ៊ីស្រាអែល ដោយធ្វើឱ្យការតវ៉ាដោយសន្តិវិធី ប្រែក្លាយជាការប៉ះទង្គិចគ្នាយ៉ាងហិង្សា។

ការហែក្បួន ដែលនគរបាលប៉ាន់ប្រមាណថាមានអ្នកចូលរួមជាង ៥ពាន់នាក់នេះ បានកើតឡើងឆ្លងកាត់កណ្តាលទីក្រុងតាំងពីពេលរសៀល នៅមុនពេលការប្រកួតចាប់ផ្តើមនៅកីឡដ្ឋាន Friuli ជាទីដែលអ៊ីតាលីឈ្នះ ៣-០ ទល់នឹងអ៊ីស្រាអែល។
អ្នករៀបចំបាតុកម្ម ដែលជាគណៈកម្មាធិការគាំទ្រប៉ាឡេស្ទីន-Udine បានអំពាវនាវដល់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោករបស់ FIFA ឱ្យហាមឃាត់អ៊ីស្រាអែលពីការប្រកួតទាំងអស់ ដោយនិយាយថា ក្រុមបាល់ទាត់របស់ប្រទេសនេះបានគាំទ្រ "គោលនយោបាយកាន់កាប់" នៅក្នុងទឹកដីប៉ាឡេស្ទីន។
បាតុករកាន់ទង់ជាតិប៉ាឡេស្ទីនប្រវែង ១៨ម៉ែត្រ និងបដាពណ៌ក្រហមធំដែលសរសេរពាក្យតវ៉ាថា "ឱ្យកាតក្រហមទៅអ៊ីស្រាអែល"។ នៅចុងបញ្ចប់នៃការហែក្បួននេះ ក្រុមបាតុករខ្លះបានគប់កាំជ្រួចភ្ញី និងលើករបាំងត្រួតពិនិត្យគប់លើនគរបាលប្រឆាំងកុបកម្ម ខណៈមន្រ្តីបានឆ្លើយតបវិញដោយប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។
សហព័ន្ធបាល់ទាត់អ៊ីតាលីនិយាយថា សំបុត្រចូលទស្សនាជាង ៩ពាន់សន្លឹក ត្រូវបានលក់សម្រាប់ការប្រកួតទល់នឹងអ៊ីស្រាអែលនោះ ពោលគឺតិចជាងជិតពាក់កណ្ដាលនៃចំនួនសរុប ១៦.០០០សន្លឹក៕


