ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក នៅលើនាវាសង្ស័យមួយគ្រឿងនៅឆ្នេរសមុទ្រនៃប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃអង្គារ (១៤ តុលា) បានសម្លាប់អ្នកជួញដូរគ្រឿងញៀន ៦នាក់ នៅក្នុងប្រតិបត្តិការចុងក្រោយបំផុតនាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈសហរដ្ឋអាមេរិក បង្កើនកងកម្លាំងយោធានៅក្នុងតំបន់។

នៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា ការវាយប្រហារតាមអាកាសត្រូវបានធ្វើឡើងប្រឆាំងនឹងអង្គការភេរវករដែលបានកំណត់ ប៉ុន្តែលោកមិនបានលម្អិតថាជាក្រុមណានោះទេ។ លោកបន្តថា "ចារកម្មបានបញ្ជាក់យ៉ាងច្បាស់ថា នាវានោះកំពុងជួញដូរគ្រឿងញៀន ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញភេរវករខុសច្បាប់"។
វីដេអូប្រហែល ៣០វិនាទី ដែលលោក Trump បានបង្ហោះ បានបង្ហាញឱ្យឃើញនូវអ្វីដែលដូចជាកប៉ាល់មួយគ្រឿងដែលកំពុងឈប់ក្នុងដែនទឹក ត្រូវបានបុកជាមួយនឹងគ្រាប់ផ្លោង រួចក៏ផ្ទុះឡើង។ កាលពីពេលថ្មីៗនេះ មន្ទីរបញ្ចកោណបានប្រាប់សភាថា លោក Trump បានកំណត់ថា សហរដ្ឋអាមេរិកកំពុងចូលរួមក្នុង "ជម្លោះប្រដាប់អាវុធមិនមែនអន្តរជាតិ" ជាមួយក្រុមជួញដូរគ្រឿងញៀន។
យោធាអាមេរិកបានបង្កើនកម្លាំងដ៏ធំនៅភាគខាងត្បូងតំបន់សមុទ្រការ៉ាអ៊ីប។ ក្រៅពីយន្តហោះ F-35 នៅដែនដីព័រតូរីកូ មាននាវាចម្បាំងអាមេរិកចំនួន ៨គ្រឿងនៅក្នុងតំបន់ ដែលផ្ទុកបុគ្គលិក និងកងម៉ារីនរាប់ពាន់នាក់ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿងផងដែរ៕

