អឺរ៉ុប៖ អង្គការ NATO កំពុងបន្តធ្វើសមយុទ្ធយោធានៅសមុទ្រមេឌីទែរ៉ាណេ និងសមុទ្រអាទ្រាទីក (Adriatic) ក្នុងពេលមានភាពតានតឹងនៅអឺរ៉ុបខាងកើតជុំវិញការបង្កើនយោធារុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែន។ សមយុទ្ធ Neptune Strike 2022 រួមមានក្រុមនាវាផ្ទុកយន្តហោះអាមេរិកនាំមុខដោយនាវាផ្ទុកយន្តហោះ USS Truman ខណៈយន្តហោះចម្បាំង F-18 ច្រើនគ្រឿងបានហោះហើរពីលើរដ្ឋបាល់ទិក ប្រទេសប៉ូឡូញ រូម៉ានី និងសមុទ្រ Ionian។

កងទ័ពជើងទឹកប្រទេសអ៊ីតាលី ក្រិក អាល្លឺម៉ង់ និងអេស្ប៉ាញក៏បានចូលរួមក្នុងសមយុទ្ធនេះដែរ។ អង្គការ NATO បាននឹងកំពុងពង្រឹងការការពាររបស់ខ្លួនជុំវិញសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើតចាប់តាំងពីចុងឆ្នាំមុន។ ប្រទេសដាណឺម៉ាកបាននិយាយថា ខ្លួនកំពុងបញ្ជូននាវា និងយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសលីទុយអានី ហើយប្រទេសអេស្ប៉ាញកំពុងបញ្ជូនយន្តហោះចម្បាំងចំនួន ៤គ្រឿងទៅកាន់ប្រទេសប៊ុលហ្គារី និងនាវាចំនួន ៣គ្រឿងទៅកាន់សមុទ្រខ្មៅ ដើម្បីចូលរួមជាមួយកងទ័ពជើងទឹករបស់អង្គការ NATO។ ប្រទេសហូឡង់មានផែនការបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសប៊ុលហ្គារីនៅក្នុងខែមេសា។ វិធានការយោធាបានកើតមានឡើងក្នុងពេលមានភាពជាប់គាំងលើការចរចាជាមួយរុស្ស៊ី ជុំវិញការបង្កើនកងទ័ពរុស្ស៊ីនៅព្រំដែនប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន