យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters និងត្រូវបានបញ្ជាក់ដោយអង្គការសហប្រជាជាតិបានឲ្យដឹងថា អ៊ីស្រាអែល នឹងអនុញ្ញាតត្រឹមតែពាក់កណ្តាលនៃចំនួនរថយន្តដឹកជំនួយដែលបានព្រមព្រៀងគ្នាចូលទៅក្នុងតំបន់ហ្កាហ្សាដោយចាប់ផ្តើមពីថ្ងៃពុធ ទី១៥ ខែតុលានេះ ជាការថយចុះនៃក្តីសង្ឃឹមដែលថាស្បៀងអាហារ និងការផ្គត់ផ្គង់នឹងត្រូវបានបង្កើនយ៉ាងឆាប់រហ័សដើម្បីបន្ធូរបន្ថយទុរ្ភិក្សនៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។

ទីភ្នាក់ងារ COGAT ជាដៃយោធារបស់អ៊ីស្រាអែល ដែលគ្រប់គ្រងលំហូរជំនួយចូលទៅកាន់តំបន់ហ្កាហ្សា ក៏បានផ្តល់ដំណឹងដល់អង្គការសហប្រជាជាតិថា គ្មានប្រេងឥន្ធនៈឬឧស្ម័ន នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធនោះទេ លើកលែងតែតម្រូវការជាក់លាក់ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធមនុស្សធម៌។ COGAT បានស្តីបន្ទោសក្រុមហាម៉ាសចំពោះការប្រគល់សាកសពចំណាប់ថ្នូរយឺតយ៉ាវ សម្រាប់ការសម្រេចចិត្តដើម្បីកំណត់ចំនួនរថយន្តដឹកជំនួយដល់៣០០គ្រឿងក្នុងមួយថ្ងៃ។

ក្រុមហាម៉ាស បានរំលោភលើកិច្ចព្រមព្រៀងទាក់ទងនឹងការប្រគល់សាកសពចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីប។ ជាលទ្ធផល មេដឹកនាំនយោបាយបានសម្រេចដាក់ទណ្ឌកម្មមួយចំនួនទាក់ទងនឹងកិច្ចព្រមព្រៀងមនុស្សធម៌ដែលត្រូវបានឈានដល់។
រហូតមកដល់ពេលនេះ ក្រុមហាម៉ាសបានប្រគល់មឈូសដាក់សាកសពចំណាប់ថ្នូរចំនួន៨ ដោយបន្សល់ទុកយ៉ាងហោចណាស់១៩នាក់ផ្សេងទៀត។ ទីភ្នាក់ងារ COGAT បាននិយាយថា ខ្លួនរំពឹងថាមានរថយន្តដឹកជំនួយប្រហែល៦០០គ្រឿងនឹងចូលទៅក្នុងហ្កាហ្សាជារៀងរាល់ថ្ងៃក្នុងអំឡុងពេលបទឈប់បាញ់។