អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (១៣ តុលា) សប្ដាហ៍នេះ បានដោះលែងជនជាតិប៉ាឡេស្ទីនជិត ២.០០០នាក់ — រួមទាំងអ្នកទោសរាប់រយនាក់ដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិត — ចេញពីមន្ទីរឃុំឃាំងរបស់ខ្លួន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងដោះលែងចំណាប់ថ្នូរ ជាមួយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។

ភ្លាមៗបន្ទាប់ពីចំណាប់ថ្នូរដែលនៅរស់ចំនួន ២០នាក់ត្រូវបានដោះលែង អ៊ីស្រាអែលបានបញ្ជូនអ្នកទោសប៉ាឡេស្ទីនចំនួន ១.៩៦៨នាក់ ឡើងលើរថយន្តក្រុង ដែលចេញដំណើរទៅកាន់តំបន់កាន់កាប់ West Bank និងដែនដីហ្កាហ្សា។ អាជ្ញាធរនិយាយថា ក្នុងចំណោមអ្នកដែលត្រូវដោះលែងនោះ មានអ្នកទោសសន្តិសុខ ២៥០នាក់ ដែលភាគច្រើននៃពួកគេត្រូវជាប់ពន្ធនាគារអស់មួយជីវិត ឬច្រើនជាងនេះ ដោយសារការវាយប្រហារលើជនជាតិអ៊ីស្រាអែល កាលពីឆ្នាំ២០២៣។
ទាក់ទងនឹងស្ថានការណ៍នេះ ក្រុមហាម៉ាស បានជូនដំណឹងដល់អ្នកសម្រុះសម្រួលថា ខ្លួនបានប្រគល់សាកសពចំណាប់ថ្នូរអ៊ីស្រាអែល ៤នាក់ ទៅវិញកាលពីថ្ងៃអង្គារ។ ទន្ទឹមនឹងនេះ វិទ្យុអ៊ីស្រាអែលបានរាយការណ៍នៅថ្ងៃអង្គារដដែលថា អ៊ីស្រាអែលបានផ្ទេរសាកសពអ្នកជាប់ឃុំប៉ាឡេស្ទីន ៤៥នាក់ ទៅកាន់កាកបាទក្រហមអន្តរជាតិ ICRC ។ មន្ត្រីពេទ្យនៅហ្កាហ្សា បានបញ្ជាក់ថា សាកសពទាំងនោះបានទៅដល់ក្នុងទឹកដីហ្កាហ្សារួចរាល់ហើយ៕

