លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ១៤តុលាសប្ដាហ៍នេះថា លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin គួរតែធ្វើអ្វីមួយចំពោះសង្គ្រាមនៅអ៊ុយក្រែន ដោយហៅថាជាការខាតបង់ដ៏ធ្ងន់ធ្ងរសម្រាប់ទីក្រុងមូស្គូ។ លោកថា លោកនៅតែខកចិត្ត ដែលសមភាគីរុស្ស៊ី ពុំបានបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei លោក Trump បាននិយាយថា លោក Putin គួរតែឈ្នះសង្រ្គាមនោះក្នុងរយៈពេលមួយសប្តាហ៍ ហើយបានកត់សម្គាល់ថាការលុកលុយពេញបន្ទុកឥឡូវនេះកំពុងឈានចូលដល់ឆ្នាំទីបួនហើយ។ លោកបានហៅសង្រ្គាមនេះថាគួរឱ្យរន្ធត់ ដោយបានអះអាងថា រុស្ស៊ីបានបាត់បង់ទាហានមួយលានកន្លះ ស្លាប់ និងរបួស ហើយបាននិយាយថា សង្រ្គាមកំពុងធ្វើឱ្យ លោក Putin មើលទៅកាន់តែអាក្រក់។
ការអះអាងរបស់លោក Trump ចំពោះជនរងគ្រោះចំនួន ១លាន៥សែននាក់របស់រុស្ស៊ី មិនត្រូវបានគាំទ្រដោយការប៉ាន់ប្រមាណឯករាជ្យនោះទេ។ ការវាយតម្លៃចារកម្មលោកខាងលិចបង្ហាញថា ចំនួនសរុប នៃទាហានរុស្ស៊ីដែលបានស្លាប់ និងរបួសអាចមានជិត ឬលើសពី១ លាននាក់។ ការស៊ើបអង្កេតរួមគ្នាមួយដោយសារព័ត៌មានរុស្ស៊ី Mediazona និងសេវាកម្មរុស្ស៊ីរបស់ BBC បានកំណត់អត្តសញ្ញាណទាហានរុស្ស៊ីជាង១៣៥.០០០នាក់ បានស្លាប់គិតត្រឹមខែតុលា ឆ្នាំ ២០២៥នេះ ទាបជាងតួលេខរបស់លោក Trump ផងដែរ។
ការលើកឡើងនេះកើតមានប៉ុន្មានថ្ងៃមុនពេលលោក Trump គ្រោងជួបប្រធានាធិបតីលោក Volodymyr Zelensky នៅថ្ងៃ ១៧ ខែតុលា។ លោក Trump បានពិនិត្យមើលកិច្ចប្រជុំនេះដោយនិយាយថា លោក Zelenskyy ចង់បានអាវុធTomahawk៕

