អាជ្ញាធរបាននិយាយថា សហគមន៍ជាង ៣០០កន្លែង នៅភាគកណ្តាល និងភាគខាងកើតប្រទេសម៉ិកស៊ិក នៅតែជន់លិច និងប៉ះពាល់ដោយបំណាក់ដី និងទឹកជំនន់ដ៏កំណាច ដែលបានសម្លាប់មនុស្សជាង ៦០នាក់ កាលពីថ្ងៃអង្គារ (១៤ តុលា) ខណៈទាហាន និងបុគ្គលិកស៊ីវិលរាប់ពាន់នាក់ បានព្យាយាមសម្អាតដងផ្លូវ និងបន្តស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់។

រដ្ឋាភិបាលបានបញ្ជាក់ថា មនុស្សយ៉ាងតិច ៦៤នាក់ បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងអស់ជាច្រើនថ្ងៃនេះ ហើយមនុស្សរាប់សិបនាក់នៅតែបាត់ខ្លួន ចំណែកមន្ត្រីបានព្រមានពីទំហំដ៏អាក្រក់នៃការបំផ្លិចបំផ្លាញ នៅក្នុងទីប្រជុំជនដាច់ស្រយាល ដែលមានអ្នកស្រុករស់នៅពី ៥០០ ទៅ ១.០០០នាក់។
ភ្លៀងត្រូវយ៉ាងគំហុកនោះបានបង្កឡើងដោយកម្លាំងព្យុះត្រូពិកចំនួនពីរបញ្ចូលគ្នា ដែលបក់បោកចេញពីឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសម៉ិកស៊ិក នៅចុងបញ្ចប់នៃរដូវវស្សា ដែលបានធ្វើឱ្យទឹកទន្លេឡើងលើសកម្រិតបង្កជាទឹកជំនន់ និងដីជម្រាលភ្នំកាន់តែជ្រាយបង្កជាបំណាក់ដី។
រដ្ឋដែលរងគ្រោះខ្លាំងជាងគេគឺ Veracruz, Hidalgo និង Puebla ។ នៅក្នុងរដ្ឋ Hidalgo ដែលមានភូមិដាច់ស្រយាលជាច្រើន បានមើលឃើញលំនៅឋានប្រហែល ១០ម៉ឺនខ្នង ត្រូវបានខូចខាត ឬបំផ្លាញ ដោយសារគ្រោះធម្មជាតិដ៏អាក្រក់នេះ៕

