មន្ត្រីអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃអង្គារ (១៤ តុលា) ថា ការជ្រើសរើសកុមារឱ្យចូលជាសមាជិកក្រុមជនអន្ធពាលនៅប្រទេសហៃទី កំពុងតែកើនឡើងខ្លាំង ហើយបែបនេះមានន័យថា ជារឿងជៀសមិនរួចទេដែលអនីតិជននឹងក្លាយជាជនរងគ្រោះក្នុងអំពើហិង្សាដ៏អាក្រក់។

លោក Roberto Benes នាយកប្រចាំតំបន់របស់អង្គការកុមារយូនីសេហ្វ ប្រចាំតំបន់អាមេរិកឡាទីន និងការ៉ាអ៊ីប បានប្រាប់សន្និសីទសារព័ត៌មានមួយថា "ការរើសអនីតិជនឱ្យចូលធ្វើសមាជិកអន្ធពាលបានកើនឡើងខ្លាំងនៅឆ្នាំនេះដោយមានកុមារអាយុចាប់ពី ១០ឆ្នាំឡើងទៅ ហើយតួលេខកុមារទំនងជាមានរហូតដល់ពាក់កណ្តាលនៃសមាជិកក្រុមអន្ធពាលទាំងអស់" ដោយប្តេជ្ញាបណ្តុះបណ្តាលបុគ្គលិកបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជម្លោះហិង្សាទាំងនោះ។
ជម្លោះរវាងក្រុមអន្ធពាលហៃទីដែលប្រដាប់ដោយអាវុធធុនធ្ងន់ ទល់នឹងកងកម្លាំងសន្តិសុខ បានកើនឡើងអស់ច្រើនឆ្នាំមកហើយ។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០២៣ បានកំណត់កងកម្លាំងដឹកនាំដោយកេនយ៉ា ដើម្បីជួយស្តារសណ្តាប់ធ្នាប់ឡើងវិញ ប៉ុន្តែកងកម្លាំងដែលមិនមានមូលនិធិគ្រប់គ្រាន់ និងខ្វះកម្លាំងមនុស្ស មិនអាចបង្រ្កាបក្រុមជនអន្ធពាលដ៏មានឥទ្ធិពលនៅហៃទីបានឡើយ។ កាលពីខែមុន ក្រុមប្រឹក្សា UN នេះបានបោះឆ្នោតរៀបចំរចនាសម្ព័ន្ធកងកម្លាំងឡើងវិញ។
អង្គការយូនីសេហ្វ បាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនផ្ទៀងផ្ទាត់ឃើញការរើសកុមារជាសមាជិកក្រុមអន្ធពាលរាប់រយករណី ដោយកុមារតូចៗត្រូវបង្ខំឱ្យកាន់អាវុធ ឬធ្វើជាអ្នកនាំសារ ជាពិសេសក្មេងស្រី ប្រឈមមុខនឹងហានិភ័យនៃហិង្សាផ្លូវភេទ៕

