មន្ត្រីអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារទី១៤ខែតុលាថា បណ្តាប្រទេសនៅអឺរ៉ុប និងអារ៉ាប់ កាណាដា និងសហរដ្ឋអាមេរិក ទំនងជាមានឆន្ទៈក្នុងការរួមចំណែកក្នុងមូលនិធិប្រមាណ៧០ពាន់លានដុល្លារអាមេរិកដែលត្រូវការដើម្បីកសាងតំបន់ហ្កាហ្សាឡើងវិញ បន្ទាប់ពីសង្រ្គាមរយៈពេលពីរឆ្នាំមកនេះ ។

លោក Jaco Cilliers មន្ត្រីនៅកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ(UNDP) បាននិយាយថា សង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស បានបង្កើតកម្ទេចកម្ទីយ៉ាងហោចណាស់៥៥លានតោន ហើយវាអាចចំណាយពេលជាច្រើនទស្សវត្សរ៍សម្រាប់តំបន់ហ្កាហ្សាដើម្បីស្តារឡើងវិញទាំងស្រុង។

លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានថា «យើងបានទទួលព័ត៌មានវិជ្ជមានពីដៃគូរបស់យើងមួយចំនួន រួមទាំងដៃគូអឺរ៉ុប កាណាដា« ទាក់ទងនឹងឆន្ទៈរបស់ពួកគេក្នុងការជួយកងសាសងឡើងវិញហើយនឹងមានការពិភាក្សាជាមួយសហរដ្ឋអាមេរិកផងដែរ។
ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាននៅហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនមួយចំនួនធំបានត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញនៅក្នុងដែនដីឆ្នេរសមុទ្រ។ តំបន់ហ្កាហ្សាដ៏ធំទូលាយត្រូវបានពង្រាបទៅជាកម្ទេចកម្ទីថ្មដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលក្នុងរយៈពេលពីរឆ្នាំមកនេះ ដែលបានសម្លាប់មនុស្សប្រហែល៦៨.០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា។