មន្ត្រីយោធាម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា យោធារបស់ប្រទេសម៉ាដាហ្គាស្ការ បានចូលកាន់កាប់អំណាចក្នុងប្រទេសកោះនៅមហាសមុទ្រឥណ្ឌាមួយនេះ។

បន្ទាប់ពីប្រធានាធិបតី លោក Andry Rajoelina បានភៀសខ្លួនចេញទៅក្រៅប្រទេសអំឡុងមានការប្រឈមមុខដាក់គ្នាជាមួយក្រុមបាតុករដឹកនាំដោយយុវជននិងកងកម្លាំងសន្តិសុខ។ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទីលាន ១៣ ឧសភា នៅរដ្ឋធានី Antananarivo ខណៈយោធាបានបង្ហាញខ្លួននៅលើវេទិកាមួយ។
យោធា លោក Michael Randrianirina ដែលដឹកនាំការបះបោរដោយយោធា បានចូលរួមជាមួយបាតុករ ក្រុមGen Z ប្រឆាំងរដ្ឋាភិបាល និយាយនៅតាមវិទ្យុជាតិថា «យើងបានចូលកាន់កាប់អំណាច»។ លោកបាននិយាយបន្ថែមថា យោធាកំពុងរំលាយគ្រប់ស្ថាប័នទាំងអស់ លើកលែងតែសភាជាន់ទាប ឬរដ្ឋសភា ដែលបានបោះឆ្នោតដាក់ការចោទប្រកាន់ទម្លាក់តំណែងលោក Rajoelina ។

ក្រុមបាតុករវ័យក្មេងនៅខាងក្រៅសាលាក្រុង បានសរសើរទាំងការដាក់ការចោទប្រកាន់ទម្លាក់តំណែង និងការចូលកាន់កាប់ដោយអំណាចយោធា។ «នេះគឺជាព័ត៌មានដ៏ល្អសម្រាប់ពួកយើង សម្រាប់សកម្មជន សម្រាប់ប្រជាជនម៉ាដាហ្កាស្កាទាំងអស់។ វាពិតជាមិនគួរឱ្យជឿ ព្រោះកាលពីពីរសប្តាហ៍មុន យើងបានតតាំងគ្នាយ៉ាងខ្លាំងក្លាជាមួយយោធា ហើយថ្ងៃនេះ យើងបានឈ្នះ ។
ទោះបីជាភៀសខ្លួនចេញតាមយន្តហោះយោធារបស់ប្រទេសបារាំងក៏ដោយ លោក Rajoelina កំពុងបដិសេធមិនចុះចេញពីតំណែងឡើយ។ បញ្ហានេះបានកើតឡើងបន្ទាប់ពីប៉ុន្មានសប្តាហ៍នៃការតវ៉ារបស់ ក្រុម Gen Z ដែលទាមទារឱ្យលោកលាលែងពីតំណែង ប៉ុន្តែលោកប្រធានាធិបតីពុំមានប្រតិកម្មភ្លាមៗនោះទេ។