អាជ្ញាធរបាននិយាយថា ការឆ្លងចរន្តភ្លាមៗដែលសង្ស័យបានបង្កឲ្យឆាបឆេះរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងនៅភាគខាងជើងប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ ដោយបានឆេះបំផ្លាញរថយន្តយ៉ាងលឿន និងបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២០នាក់ស្លាប់។

សមាជិកសភាគណបក្សកាន់អំណាចក្នុងតំបន់ លោក Mahant Pratap Puri បាននិយាយទៅកាន់សារព័ត៌មានថា រថយន្តក្រុងដែលមានអ្នកដំណើរពី៣៥ ទៅ៥០នាក់នៅលើនោះ បានចេញដំណើរត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីចំណតចាប់ផ្តើមរវាងទីក្រុង Jaisalmer និងទីក្រុង Jodhpur ក្នុងរដ្ឋ Rajasthan នៅពេលនោះអគ្គិយបានឆាបឆេះ។
លោក Puri បាននិយាយថា «អ្នកដំណើរមួយចំនួនមិនអាចចុះពីលើរថយន្តក្រុងទាន់ពេលដើម្បីសង្គ្រោះជីវិតនោះទេ ដោយសារតែភ្លើងបានឆេះរាលដាលយ៉ាងឆាប់រហ័ស» ។

លោក Puri និយាយថា សាកសពអ្នកដំណើរ១៩នាក់បានស្ថិតនៅលើរថយន្តក្រុង ខណៈមនុស្សម្នាក់ទៀតបានស្លាប់ដោយសារការរលាកធ្ងន់ធ្ងរនៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ។ យ៉ាងហោចណាស់ អ្នកដំណើរ ១៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។
លោក Puri និយាយថា ផ្សែងបានចាប់ផ្តើមហុយចេញពីផ្នែកខាងក្រោយរថយន្តខណៈការឆ្លងចរន្តត្រូវបានសង្ស័យ ដែលមានរយៈពេលត្រឹមតែ៥នាទីបន្ទាប់ពីរថយន្តចេញពីទីក្រុង Jaisalmer ។ អ្នកបើកបរបានឈប់រថយន្តនៅលើផ្លូវក្បែរប៉ុស្តិ៍យោធា ប៉ុន្តែមួយសន្ទុះក្រោយមកអណ្តាតភ្លើងបានឆាបឆេះរថយន្តរាលដាល។