តម្លៃមាសបានបន្តកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយជិត ៤.២០០ដុល្លារ ក្នុងមួយអោននៅថ្ងៃពុធ (១៥ តុលា) នេះ ដោយសារមានការរំពឹងទុកកាន់តែខ្លាំងថា ធនាគារកណ្ដាលអាមេរិក អាចនឹងកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត ខណៈក្ដីបារម្ភអំពីភាពតានតឹងជាថ្មីនៃពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិន ក៏បានជំរុញតម្រូវការទ្រព្យសម្បត្តិសុវត្ថិភាពមួយនេះផងដែរ។

តម្លៃមាសចរាចរលើទីផ្សារអន្តរជាតិ ឬហៅថា Spot Gold បានកើនឡើង ០,៩% នៅតម្លៃ ៤.១៧៨,១៥ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោងសកល (GMT) ០៤:៤៨នាទីទាបភ្លឺថ្ងៃពុធនេះ បន្ទាប់ពីឡើងដល់កម្រិតខ្ពស់បំផុត ៤.១៨៦,៦៨ដុល្លារ កាលពីវគ្គជួញដូរមុននោះ។ តម្លៃមាសរបស់សហរដ្ឋអាមេរិក សម្រាប់ការចែកចាយខែធ្នូ បានកើនឡើង ០,៨% ដល់ ៤.១៩៧,៥០ដុល្លារ។ គួរឱ្យដឹងថា មួយអោនទម្ងន់ប្រហែលជាង ២៨ក្រាម។
អ្នកវិភាគជាន់ខ្ពស់របស់សេវាហិរញ្ញវត្ថុ StoneX លោក Matt Simpson បាននិយាយថា ការបិទរដ្ឋាភិបាលអាមេរិក និងលទ្ធភាពបន្ទាបអត្រាការប្រាក់ពីទេសាភិបាលធនាគារកណ្ដាលអាមេរិក លោក Jerome Powell រួមទាំងភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិន បានផ្តល់ហេតុផលចុងក្រោយបង្អស់សម្រាប់តម្លៃមាសឡើងខ្ពស់បែបនេះ។ វិនិយោគិនសកលកំពុងភ្នាល់ថា មានឱកាសជិតជាក់លាក់នៃការបន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ក្នុងកម្រិត ០,២៥% នៅខែតុលា និងខែធ្នូ។
មាស ដែលគេចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព បានកើនឡើង ៥៩% ហើយរហូតមកទល់ពេលនេះធៀបនឹងឆ្នាំ២០២៤ ដែលជំរុញដោយកត្តាជាច្រើន រួមទាំងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច អត្រាការប្រាក់នៅអាមេរិក ការធានាទិញចូលវិញរបស់ធនាគារកណ្តាល និន្នាការលុបបំបាត់ដុល្លារូបនីយកម្ម (ពោលគឺបន្ថយការពឹងផ្អែកលើប្រាក់ដុល្លារ) និងលំហូរចូលនៃមូលនិធិជួញដូរអន្តរជាតិជាដើម៕

