អង្គការជនពិការអន្តរជាតិ កាលពីថ្ងៃអង្គារ (ទី១៤ ខែតុលា) បានព្រមានថា យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតំបន់ហ្កាហ្សា បង្កជាហានិភ័យ «ធ្ងន់ធ្ងរ» សម្រាប់ជនភៀសខ្លួនដែលវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ ក្នុងអំឡុងពេលមានបទឈប់បាញ់ដឹកនាំដោយសហរដ្ឋអាមេរិក ដោយអំពាវនាវឲ្យមានការនាំយកឧបករណ៍ដែលត្រូវការចាំបាច់ សម្រាប់ការដោះស្រាយជាមួយអាវុធទាំងនោះ។
នាយកអង្គការ សម្រាប់ដែនដីប៉ាឡេស្ទីន លោកស្រី Anne-Claire Yaeesh បាននិយាយថា៖ «ហានិភ័យគឺធំធេងណាស់ ដោយគ្រឿងផ្ទុះប្រមាណ ៧០.០០០តោន ត្រូវបានទម្លាក់នៅតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមចាប់ផ្ដើមផ្ទុះឡើង»។

អង្គការជនពិការអន្តរជាតិ មានឯកទេសក្នុងការបោសសម្អាតមីន និងផ្ដល់ជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។
គួរបញ្ជាក់ថា យុទ្ធភណ្ឌមិនទាន់ផ្ទុះ រាប់ចាប់ពីគ្រាប់បែកមិនទាន់ផ្ទុះ ឬគ្រាប់បែកដៃ រហូតដល់គ្រាប់កាំភ្លើងធម្មតា ត្រូវបានមើលឃើញដោយទូទៅនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ក្នុងអំឡុងពេលមានសង្រ្គាមរយៈពេល ២ឆ្នាំ ដែលបង្កឡើងដោយការវាយប្រហារមិនធ្លាប់មានរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
លោកស្រី Yaeesh បានបន្ថែមថា៖ «ស្រទាប់កម្ទេចថ្ម និងកម្រិតនៃគំនរ គឺខ្ពស់ខ្លាំងណាស់»។ ហើយលោកស្រីបានព្រមានថា ហានិភ័យគឺកាន់តែអាក្រក់ឡើងៗ ដោយសារ «ស្ថានភាពស្មុគ្រស្មាញខ្លាំង» ព្រោះប្រជាជនកាន់តែច្រើន តែកន្លែងមានកំណត់។
កាលពីខែមករា ទីភ្នាក់ងារកំចាត់មីនរបស់អង្គការសហប្រជាជាតិ (UNMAS) បានប៉ាន់ប្រមាណថា «ពី ៥ ទៅ ១០ភាគរយ» នៃគ្រាប់រំសេវដែលបានបាញ់នៅតំបន់ហ្កាហ្សា មិនបានផ្ទុះឡើយ។ ចាប់តាំងពីពេលនោះមក ការប្រយុទ្ធគ្នា បានបន្ត ដោយកងទ័ពអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំ នៅពាក់កណ្តាលខែកញ្ញា នៅទីក្រុងហ្កាហ្សា។ បទឈប់បាញ់ជាលើកទី៣ គិតចាប់តាំងពីសង្គ្រាមផ្ទុះឡើង ចូលជាធរមាន កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក នៅតំបន់ហ្កាហ្សា៕

