ភ្នំពេញ៖ ការពង្រឹងនៃអភិបាលកិច្ចល្អ នឹងនាំមកនូវប្រសិទ្ធភាពការងារ ការគ្រប់គ្រងចំណូលមានភាពច្បាស់ មានតម្លាភាពរបស់អគ្គនាយកដ្ឋានពន្ធដារ នឹងនាំឲ្យចំណូលពន្ធមានការកើនឡើង និងឈានដល់ការប្រមូលចំណូលប្រកបដោយភាពជោគជ័យ។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកម្មវិធីពិសេស ស្តីពីពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២នេះថា នៅក្នុងឆ្នាំ ២០២១ កន្លងមកនេះ ស្ថិតក្នុងបរិការណ៍នៃការរីករាលដាលជម្ងឺកូវីដ ១៩ នៅលើពិភពលោក ក៏ដូចជាកម្ពុជាផងដែរ គឺបានទទួលរងនូវការប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរ នៃជម្ងឺកូវីដ១៩នេះ និងបានធ្វើឲ្យវិបត្តិសេដ្ឋកិច្ចពិភពលោក ក៏ដូចកម្ពុជាបានថយចុះ ។
ឯកឧត្តម បន្តថា ទោះបីមានការប៉ះពាល់ដោយសារវិបត្តិនៃជម្ងឺកូវីដ ១៩ ក៏ដោយ ក្នុងនោះសម្រាប់ការប្រមូលចំណូលពន្ធ តាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងឆ្នាំ២០២១ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធលើសផែនការ ដែល បញ្ហានេះសបញ្ជាក់ឲ្យឃើញថា ចំពោះកំណែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺអគ្គនាយកដ្ឋានពន្ធដារបានអនុវត្តយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការបន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានា ដូចមានកំណត់ក្នុង យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣, ការធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ, រៀបចំប្រព័ន្ធការងារឱ្យលំបាកសម្រាប់ការ គេចវេះពន្ធ និងធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គមជាដើម។
សូមបញ្ជាក់ថា៖ ទាក់ទងការប្រមូលចំណូល សម្រាប់រយៈពេល ១២ ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករ សរុបបានមានចំនួនជាង ១១ ២៦៦ ប៊ីលានរៀល ធៀបនឹងផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ គឺតម្រូវឱ្យប្រមូលចំណូលឱ្យបានចំនួនជាង ៩ ០៨៤ ប៊ីលានរៀល ត្រូវជាង ២ ២៤៣ លានដុល្លារអាមេរិក ដូច្នេះការអនុវត្តចំណូលនេះឃើញថា ប្រមូលបានជាង ១២៤% នៃផែនការប្រចាំឆ្នាំ ពោលគឺលើសផែនការជាង ២៤% គឺ ស្មើជាង ២ ១៨២ ប៊ីលានរៀល ត្រូវប្រមាណជាង ៥៣៨ លានដុល្លារ ទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសាកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា មិនទាន់មានភាពប្រាកដប្រជានៅឡើយ ជាពិសេសនៅក្នុងបរិការណនៃការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងរលកនៃការរីករាលដាល និងបំប្លែងឥតឈប់ឈរនៃមេរោគកូវីដ១៩៕អត្ថបទ៖ សុន រ៉ាឌី
