នគរបាលក្នុងស្រុក រាយការណ៍ថា មនុស្សយ៉ាងហោច ១០នាក់ បានស្លាប់ និងមនុស្ស ១៨នាក់ផ្សេងទៀត រងរបួស ក្រោយពេលដែលនាវាដឹកប្រេងមួយគ្រឿង បានឆាបឆេះជាអគ្គិភ័យនៅព្រឹកថ្ងៃពុធនេះ អំឡុងពេលជួសជុល នៅខេត្ត Riau ប្រទេសឥណ្ឌូនេស៊ី ។
ឧបទ្ទេវហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ព្រឹក ម៉ោងក្នុងស្រុក ពេលដែលអគ្គិភ័យឆាបឆេះឡើងនៅលើនាវា MT Federal II ដែលបានបោះយុថ្កាសម្រាប់ជួសជុលនៅកន្លែងផលិតនាវា ស្ថិតក្នុងទីក្រុង Batam គឺជាមជ្ឈមណ្ឌលកំពង់ផែមានចម្ងាយប្រហែល ២០គ.មពីប្រទេសសិង្ហបុរី ។

លោក Zaenal Arifin គឺជាអធិការនគរបាលក្នុងស្រុកមួយរូបនិយាយថា នាវាមួយគ្រឿងនេះ ស្ថិតនៅផែជួសជុល ហើយពុំបានដឹកប្រេងនោះទេនៅពេលកើតមានឧបទ្ទេវហេតុ ។
លោកនិយាយថា មកទល់នឹងរសៀលថ្ងៃពុធនេះ មនុស្ស ១០នាក់ បានស្លាប់ ហើយមនុស្ស ១៨នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ អ្នករងរបួសទាំងអស់ គឺជាកម្មករកំពុងជួសជុលនាវា ហើយពួកគេមួយចំនួន បានរងរបួសធ្ងន់ធ្ងរ ។ លោកថា ម្ចាស់នាវាគេនៅមិនទាន់ដឹងច្បាស់នោះទេ ។
ឧបទ្ទេវហេតុនេះដែរ បានកើតមានឡើង រយៈពេលប៉ុន្មានខែប៉ុណ្ណោះ ក្រោយឧបទ្ទេវហេតុស្រដៀងគ្នានៅទីក្រុង Batam ។ កាលពីខែមិថុនាកន្លងទៅ នាវាមួយគ្រឿង បានឆាបឆេះជាអគ្គិភ័យឡើង អំឡុងពេលជួសជុល ដោយបានសម្លាប់មនុស្ស ៤នាក់ និងមនុស្ស ៩នាក់ផ្សេងទៀត រងរបួស ៕
