នៅថ្ងៃពុធនេះ មេដឹកនាំរបបសឹកមីយ៉ាន់ម៉ាលោក Min Aung Hlaing បាននិយាយទទួលស្គាល់ថា រដ្ឋបាលគាំទ្រដោយយោធា មិនអាចរៀបចំការបោះឆ្នោតសកលនាពេលខាងមុខនៅទូទាំងប្រទេសបាននោះទេ ស្របពេលសង្រ្គាមស៊ីវិលដែលបង្កឡើងដោយសាររដ្ឋប្រហារឆ្នាំ ២០២១នោះ នៅតែអូសបន្លាយពេល ។
ក្រុមអ្នករិះគន់ និងបណ្តាប្រទេសលោកខាងលិច យល់ឃើញថា ការបោះឆ្នោតនេះ ដែលគ្រោងនឹងចាប់ផ្តើមនៅខែធ្នូ និងជាការបោះឆ្នោតលើកដំបូង ចាប់តាំងពីរដ្ឋប្រហារ ថាជាលំហាត់ដ៏អាម៉ាស់មួយដើម្បីធ្វើឲ្យស្របច្បាប់ការគ្រប់គ្រងរបស់យោធា តាមរយៈគណបក្សនយោបាយជំនួស ។ គណបក្សប្រឆាំងរបបសឹករាប់សិប ត្រូវបានហាមប្រាម ឬបដិសេធន៍ពុំចូលរួម ។

ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីរដ្ឋប្រហាររហូតមក ដែលបានទម្លាក់អំណាចរដ្ឋាភិបាលជាប់ឆ្នោតស៊ីវិល និងបង្កឲ្យកើតមានការបះបោរប្រដាប់អាវុធទូទាំងប្រទេសដែលដណ្តើមបានដែនដីមួយចំនួនពីយោធា ។
លោក Aung Hlaing និយាយនៅក្នុងសុន្ទរកថាចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋពីរដ្ឋធានីណៃពិដោ ថា ពួកយើងមិនអាចរៀបចំការបោះឆ្នោតគ្រប់ទីកន្លែងឲ្យបាន ១០០ភាគរយនោះទេ ហើយការបោះឆ្នោតពិសេស នឹងធ្វើតាមក្រោយនៅតាមតំបន់មួយចំនួន នៅពេលដែលរដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើងរួច ៕
