អាជ្ញាធរប៉ាឡេស្ទីន (PA) បានឲ្យដឹងនៅថ្ងៃពុធ (ទី១៥ ខែតុលា) នេះថា ខ្លួនបានរៀបចំធ្វើប្រតិបត្តិការផ្នែកនៅខាងតំបន់ហ្កាហ្សានៃច្រកឆ្លងកាត់ដ៏សំខាន់ សម្រាប់ការនាំជំនួយចូល រវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា។
លោក Mohammad Shtayyeh ដែលជាបេសកជនពិសេសរបស់ប្រមុខអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រាប់ឲ្យដឹងថា៖ «ឥឡូវនេះ យើងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមម្តងទៀត ហើយយើងបានជូនដំណឹងដល់ភាគីទាំងអស់ថា យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើប្រតិបត្តិការនៅច្រកឆ្លងកាត់ Rafah»។

កាលពីខែឧសភា ឆ្នាំ២០២៤ យោធាអ៊ីស្រាអែលបានកាន់កាប់ផ្នែកខាងដែនដីរបស់ប៉ាឡេស្ទីននៃច្រកឆ្លងកាត់ Rafah នៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា ដែលមានព្រំប្រទល់ជាប់ប្រទេសអេហ្ស៊ីប និងជាទីកន្លែងដ៏សំខាន់ សម្រាប់ការផ្តល់ជំនួយ និងជាច្រកចេញនៃអ្នករងរបួស ដោយសារសង្រ្គាម នៅតំបន់ហ្កាហ្សា។
ច្រកឆ្លងកាត់ដែលបានបើកឡើងវិញរយៈពេលខ្លី នៅចន្លោះខែកុម្ភៈ និងខែមីនាឆ្នាំនេះ គឺជាកន្លែងតភ្ជាប់ទៅកាន់ពិភពខាងក្រៅ សម្រាប់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដែលអនុញ្ញាតឲ្យមានការផ្តល់ជំនួយ និងការជម្លៀសអ្នកជំងឺចេញពីប្រព័ន្ធថែទាំសុខភាពដែលដួលរលំ។
លោក Shtayyeh បាននិយាយថា កិច្ចព្រមព្រៀងជាមួយបេសកកម្មផ្ដល់ជំនួយនៅព្រំដែនរបស់ EU (សហភាពអឺរ៉ុប) ដើម្បីជួយ PA ដោះស្រាយកិច្ចការប្រកបដោយប្រសិទ្ធភាពនៅច្រកឆ្លងកាត់នេះ ដែលត្រូវបានផ្អាក កាលពីខែមីនា ខណៈដែលអរិភាពបានចាប់ផ្តើមឡើងវិញ នៅតែមានសុពលភាព៕

