នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានវិលត្រលប់ទៅបង្ហាញខ្លួននៅតុលាការទីក្រុង Tel Aviv វិញ នាថ្ងៃពុធ (ទី១៥ ខែតុលា) នេះ សម្រាប់សវនាការចុងក្រោយបង្អស់ នៅក្នុងការកាត់ក្តីពុករលួយរយៈពេលវែងរបស់លោក ដែលបានបើកដំណើរការ ក្នុងខែឧសភា ឆ្នាំ២០២០។
នាយករដ្ឋមន្ត្រីបានមានទឹកមុខញញឹម ខណៈដែលរូបលោក និងសមាជិករដ្ឋមន្ត្រីជាច្រើនរូបមកពីគណបក្សអភិរក្សនិយមរបស់លោក គឺបក្ស Likud ត្រូវបានក្រុមបាតុករតាមរំខាន ពេលធ្វើដំណើរទៅកាន់តុលាការ។ ការបង្ហាញខ្លួននេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងកាលពីថ្ងៃទី១៣ ខែតុលាថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលគួរតែត្រូវបានលើកលែងទោសនៅក្នុងសំណុំរឿងពុករលួយ ៣ករណីដាច់ដោយឡែកពីគ្នា។

ហើយវត្តមានចុងក្រោយនេះ នៅឯតុលាការទីក្រុង Tel Aviv ក៏កើតឡើងផងដែរ បន្ទាប់ពីមានការប្រគល់ត្រឡប់មកវិញនូវចំណាប់ថ្នូរដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស ដែលជាផ្នែកមួយនៃផែនការរបស់លោក Trump សម្របសម្រួលដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា សម្រាប់មួយករណី លោក Netanyahu និងភរិយារបស់លោក លោកស្រី Sara ត្រូវបានចោទប្រកាន់ពីបទទទួលយកទំនិញដ៏ប្រណីតតម្លៃជាង ២៦០.០០០ដុល្លារ ដែលរួមមានទាំងស្រាសំប៉ាញ ស៊ីហ្គា និងគ្រឿងអលង្ការពីមហាសេដ្ឋី ជាថ្នូរនឹងកាគាំទ្រខាងនយោបាយ។
ក្នុងករណី ២ផ្សេងទៀត លោក Netanyahu ក៏ត្រូវបានចោទប្រកាន់ផងដែរថា បានព្យាយាមចរចា ដើម្បីឲ្យមានការរាយការណ៍ព័ត៌មានល្អប្រសើរពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលចំនួន ២។ លោកបានបដិសេធមិនបានប្រព្រឹត្តអ្វីខុសលោះយ ដោយអះអាងថា ខ្លួនគឺជាជនរងគ្រោះពីការមានគម្រោងការអាក្រក់ផ្នែកនយោបាយ៕
