រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth នៅថ្ងៃពុធ (ទី១៥ ខែតុលា) នេះ បានអំពាវនាវឲ្យសម្ព័ន្ធមិត្តណាតូ (NATO) បង្កើនការចំណាយលើការទិញអាវុធរបស់អាមេរិក ដើម្បីផ្ដល់ឲ្យអ៊ុយក្រែន បន្ទាប់ពីមានរបាយការណ៍ដែលបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនូវការគាំទ្រផ្នែកយោធា សម្រាប់ទីក្រុងគីវ ក្នុងខែកក្កដា និងសីហា។

មុនកិច្ចប្រជុំជាមួយសមភាគីអង្គការណាតូ នៅឯស្នាក់ការកណ្តាលរបស់សម្ព័ន្ធភាព ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Hegseth បានប្រាប់អ្នកសារព័ត៌មានថា៖ «អ្នកទទួលបានសន្តិភាព នៅពេលអ្នកខ្លាំង។ មិនមែននៅពេលដែលអ្នកប្រើពាក្យខ្លាំងៗ ឬចង្អុលម្រាមដៃនោះទេ អ្នកនឹងទទួលបានវា នៅពេលដែលអ្នកមានសមត្ថភាពខ្លាំង និងពិតប្រាកដ ដែលសត្រូវគោរព»។
លោករដ្ឋមន្ត្រីរូបនេះបានជំរុញឲ្យសម្ព័ន្ធមិត្តបង្កើនការវិនិយោគ នៅក្នុងកម្មវិធីបញ្ជីតម្រូវការអ៊ុយក្រែនជាអាទិភាព (PURL) ដែលជំនួសការផ្ដល់អាវុធរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ហើយឥឡូវនេះ តម្រូវឲ្យសម្ព័ន្ធមិត្តបង់ប្រាក់ សម្រាប់ការបញ្ចូនអាវុធរបស់សហរដ្ឋអាមេរិក។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បាននិយាយថា លោករំពឹងមានការសន្យាបន្ថែមទៀត ដោយកត់សម្គាល់ថា ទឹកប្រាក់ចំនួន ២ពាន់លានដុល្លារអាមេរិក ត្រូវបានប្ដេជ្ញាចិត្តរួចហើយ តាមរយៈយន្តការនេះ។ តែទោះជាយ៉ាងនេះក្ដី ចំនួនទឹកប្រាក់នេះ គឺតិចជាង ៣,៥ពាន់លានដុល្លារអាមេរិក ដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សង្ឃឹមថា នឹងទទួលបាននៅខែតុលា៕
