ប្រទេសចិន នៅថ្ងៃពុធ (ទី១៥ ខែតុលា) នេះ បានលើកឡើងថា សង្គ្រាមពាណិជ្ជកម្ម មិនមាន «អ្នកឈ្នះ» ឡើយ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា សហរដ្ឋអាមេរិកអាចបញ្ឈប់ទិញប្រេងឆាពីប្រទេសនេះ។
លោក Trump បានចេញការគំរាមកំហែង កាលពីថ្ងៃទី១៤ ខែតុលា បន្ទាប់ពីបានថ្កោលទោសការបញ្ឈប់របស់ក្រុងប៉េកាំង ចំពោះការទិញសណ្តែកសៀងរបស់អាមេរិកថា ជា «ទង្វើអរិភាពផ្នែកសេដ្ឋកិច្ច»។ លោកបានរៀបរាប់នៅលើបណ្ដាញសង្គម Truth Social ថា៖ «យើងកំពុងពិចារណា អំពីការបញ្ចប់អាជីវកម្មជាមួយប្រទេសចិន ដែលទាក់ទងនឹងប្រេងឆា និងទំនិញផ្សេងទៀត ដើម្បីជាការសងសឹក»។
ទោះបីជាភាពតានតឹង រវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង បានធូរស្រាលពីកម្រិតខ្ពស់បំផុត កាលពីដើមឆ្នាំ២០២៥ នេះក៏ដោយ ក៏ការផ្អាកនេះដែលធ្វើឡើងដោយមេដឹកនាំនៃប្រទេសទាំង២ នៅតែមានភាពរង្គោះរង្គើ។
ទីក្រុងប៉េកាំងបានដាក់ចេញនូវការត្រួតពិនិត្យថ្មីលើការនាំចេញបច្ចេកវិទ្យារ៉ែកម្រ និងវត្ថុធាតុផ្សេងទៀត កាលពីសប្តាហ៍មុន ដែលនាំឲ្យលោក Trump ព្រមានកាលពីថ្ងៃទី១០ ខែតុលាថា លោកនឹងដាក់ចេញអត្រាពន្ធបន្ថែម ១០០ភាគរយលើទំនិញរបស់ប្រទេសនេះ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា។
យ៉ាងណាក្ដី ក្រសួងការបរទេសចិនបានបញ្ជាក់នៅថ្ងៃទី១៥ ខែតុលានេះថា ជម្លោះពាណិជ្ជកម្ម «មិនផ្ដល់ប្រយោជន៍ដល់ភាគីណាមួយឡើយ» នៅពេលត្រូវបានសួរអំពីការគំរាមរបស់មេដឹកនាំអាមេរិក ពាក់ព័ន្ធនឹងប្រេងឆា។
នៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យលោក Lin Jian បានប្រាប់អ្នកសារព័ត៌មានថា៖ «ភាគីទាំង២ គួរតែដោះស្រាយបញ្ហាពាក់ព័ន្ធនានា តាមរយៈការពិគ្រោះយោបល់ដោយផ្អែកលើមូលដ្ឋានសមភាព ការគោរព និងការផ្ដល់ផលប្រយោជន៍ទៅវិញទៅមក»។ លោកបានបន្ថែមថា៖ «ជំហររបស់ចិន ចំពោះបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក គឺស្របច្បាប់ និងច្បាស់លាស់»៕