ស្វាយរៀង៖ ស្រូវប្រាំងស្ថិតនៅក្នុងឃុំបន្ទាយក្រាំង និង ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ចំនួន ៥៧៨ហិកតា បច្ចុប្បន្នប្រឈមនិងកង្វះទឹក ខណៈដែលស្រូវមួយចំនួនបានចេញផ្លែផ្កាជាបណ្ដើរៗហើយ ។
ប្រធានសមាគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តកំពង់រទេះលោក អោក ចិន្តា បានប្រាប់នៅថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២២ ឲ្យដឹងថា នៅប៉ុន្នានថ្ងៃនេះ ស្រូវស្ថិតនៅតំបន់ប្រព័ន្ធធារាសាស្រ្តកំពង់រទេះ ក្នុងឃុំបន្ទាយក្រាំង និងឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ចំនួនប្រមាណជិត ៦០០ហិកតា បានប្រឈម និងកង្វះទឹកសម្រាប់ប្រើប្រាស់ ខណៈដែលស្រូវមួយចំនួនបានចេញផ្លែផ្កា និងស្រូវមួយចំនួនផ្សេងទៀត បាននឹងកំពុងមានការលូតលាស់ល្អបង្គួរ ។
លោក បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំការងារបង្កបង្កើនផលស្រូវរដូវប្រាំងរបស់ពលរដ្ឋនៅតំបន់នេះ ពុំសូវមានការខ្វះខាតទឹកប៉ុន្មានទេដោយមានភ្លៀងកក់ខែបន្ថែម តែសម្រាប់ឆ្នាំនេះវិញ ចាប់ពីចូលរដូវប្រាំងមក ពុំមានភ្លៀងបន្ថែមនោះទេ ទើបធ្វើឲ្យស្រូវជិត៦០០ ហិកតាបានប្រឈមនឹងកង្វះទឹកបែបនេះ។
ជុំវិញបញ្ហាប្រឈមកង្វះទឹកលោក ហ៊ី តេវ ពលរដ្ឋរស់នៅ ភូមិឬស្សីដោច ឃុំបន្ទាយក្រាំង និង លោក ពូ ពែក ពលរដ្ឋរស់ នៅឃុំរាជមន្ទីរ បានអំពាវនាវដល់ក្រសួងមន្ទីរធនធានទឹក និងផ្នែកពាក់ព័ន្ធជួយជីកស្ដារប្រឡាយនាំទឹក ដើម្បីប្រើប្រាស់ ខណៈដែលបច្ចុប្បន្នប្រព័ន្ធប្រឡាយមេមានស្រាប់ តែអត់មានទឹកបូមយកមកធ្វើការស្រោចស្រពនៅលើផ្ទៃដីស្រែរបស់ពួកគាត់។
សម្រាប់លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានប្រាប់តាមរយៈទូរស័ព្ទ ឱ្យដឹងថា សំណើរដែលពលរដ្ឋស្នើមកមន្ទីរ ឲ្យចុះជួយជីកស្តា មន្ទីរបានធ្វើការបញ្ចុះគ្រឿងចក្រ ដើម្បីជួយជីកស្តារហើយ ដោយប្រើថវិកាបដិភាគប្រេងមួយចំនួនបន្ថែម ក្នុងការជួយជីកស្តារប្រឡាយទាំងនោះផងដែរ ៕អត្ថបទ៖ ភា សារិទ្ធ