មនុស្សរាប់សិបនាក់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុងភាគខាងត្បូង Gabes ប្រទេសទុយនីស៊ី ជាទីដែលអ្នកស្រុកបានដាក់ការស្តីបន្ទោសលើកង្វក់ពីរោងចក្រគីមីក្បែរនោះ សម្រាប់ការបណ្តាលឲ្យមានបញ្ហាផ្លូវដង្ហើម និងបញ្ហាសុខភាពផ្សេងទៀត ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ TAP របស់ទុយនីស៊ី រាយការណ៍ថា ក្មេងៗជួបបញ្ហាពិបាកដកដង្ហើមពីផ្សែង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសាកលវិទ្យាល័យ Gabes កាលពីថ្ងៃអង្គារ ។
មន្រ្តីក្នុងស្រុកនិយាយថា មនុស្សជាង ១២០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុង Gabes ខណៈដែលមន្រ្តីអប់រំ និយាយថា សិស្សសាលារាប់សិបនាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រុមមន្រ្តីបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហាផ្លូវដង្ហើមនេះ អ្នកជំងឺមួយចំនួនឈឺជើង ស្ពឹកដៃជើង និងកម្រើកលែងបាន ។
លោក Tawfik Dhaifallah គឺជាអ្នកស្រុកមួយរូប និយាយថា ប្អូនស្រីរបស់លោកថប់ដង្ហើមដោយសារឈ្លក់ផ្សែង ដែលតែងតែកើតឡើងរៀងរាល់រយៈពេល ២-៣ថ្ងៃម្តង ៕