ក្រុមមន្ត្រីក្រសួងរតនាគារអាមេរិក បាននិយាយកាលពីយប់ថ្ងៃពុធ (១៥ តុលា) ថា ការបិទរដ្ឋាភិបាលសហព័ន្ធរយៈពេល ២សប្តាហ៍មកនេះ អាចនឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាតបង់រហូតដល់ ១៥ពាន់លានដុល្លារ "ក្នុងមួយសប្តាហ៍" ក្រោមការបាត់បង់ទិន្នផល ដោយកែប្រែសេចក្តីថ្លែងការណ៍នៅមុននោះរបស់ប្រធានរតនាគារ លោក Scott Bessent ដែលបានលើកឡើងថា អាមេរិកអាចខាត ១៥ពាន់លានដុល្លារ "ក្នុងមួយថ្ងៃ" ដែលជាតួលេខប៉ាន់ស្មានដ៏អាក្រក់បំផុតសម្រាប់សេដ្ឋកិច្ច។

លោក Bessent បានប្រើការប៉ាន់ស្មានមិនត្រឹមត្រូវបែបនេះ ក្នុងការបង្ហាញខ្លួននៅព្រឹត្តិការណ៍ពីរដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធ ខណៈជំរុញឱ្យគណបក្សប្រជាធិបតេយ្យ ចូលរួមជាមួយគណបក្សសាធារណរដ្ឋដើម្បីបញ្ចប់ភាពជាប់គាំង។ លោក Bessent បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការបិទដំណើរការរដ្ឋាភិបាលកំពុង "បង្កភាពឈឺចាប់" ដល់សេដ្ឋកិច្ច ហើយក្រុមមន្រ្តីជឿថា ការបិទនេះអាចនឹងចាប់ផ្តើមធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាតបង់រហូតដល់ ១៥ពាន់លានដុល្លារ ក្នុងមួយថ្ងៃ"។
ពេលនេះ ការបិទរដ្ឋាភិបាលអាមេរិក បានចូលដល់សប្តាហ៍ទី៣ហើយ ខណៈព្រឹទ្ធសភាកាលពីថ្ងៃអង្គារ បានបរាជ័យជាលើកទី៩ក្នុងការទទួលបានការគាំទ្រ ៦០សំឡេងដែលត្រូវការ ដើម្បីជំរុញច្បាប់ផ្តល់មូលនិធិរយៈពេលខ្លីដែលគាំទ្រដោយបក្សសាធារណរដ្ឋ ដើម្បីបើករដ្ឋាភិបាលឡើងវិញ។
ភាពជាប់គាំងនេះ ដែលគឺជាលើកដំបូងហើយក្នុងរយៈពេលជិត ៧ឆ្នាំ បានបណ្តាលឱ្យមុខងារមួយចំនួនរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក ត្រូវជាប់គាំង ដែលប៉ះពាល់ដល់វិស័យនានា រួមទាំងការធ្វើដំណើរ ការអប់រំ វិទ្យាសាស្ត្រ និងវិស័យការពារជាតិជាដើម៕

