រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent កាលពីថ្ងៃពុធ (១៥ តុលា) បានទទូចថា ទីក្រុងវ៉ាស៊ីនតោន មិនចង់បង្កើនជម្លោះពាណិជ្ជកម្មជាមួយប្រទេសចិននោះឡើយ ដោយសង្កត់ធ្ងន់ថា លោកប្រធានាធិបតី Donald Trump ត្រៀមខ្លួនជាស្រេចហើយដើម្បីជួបជាមួយលោកប្រធានាធិបតីចិន Xi Jinping ក្នុងកូរ៉េខាងត្បូង នៅចុងខែតុលានេះ។

លោក Bessent បានប្រាប់ព្រឹត្តិការណ៍ CNBC ថា ក្រុមមន្ត្រីចិន-អាមេរិក កំពុងទាក់ទងគ្នាជារៀងរាល់ថ្ងៃដើម្បីរៀបចំកិច្ចប្រជុំរវាងប្រធានាធីបតីទាំងពីរ ហើយទីក្រុងវ៉ាស៊ីនតោន មិនចង់ផ្ដាច់ខ្លួនផ្នែកសេដ្ឋកិច្ចចេញពីប្រទេសចិន ដែលមានសេដ្ឋកិច្ចធំជាងគេទីពីរក្នុងពិភពលោកនោះឡើយ។ លោកបន្តថា ដោយសារតែការជឿទុកចិត្តរវាងលោក Trump និងលោក Xi ទើបជម្លោះពាណិជ្ជកម្មពីមុនរវាងប្រទេសទាំងពីរមិនបានកើនឡើងបន្ថែមទៀត។
ភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន ហាក់កំពុងឡើងកម្ដៅជាថ្មី កាលពីចុងសប្តាហ៍មុន បន្ទាប់ពីចិនបានប្រកាសពង្រីកការគ្រប់គ្រងនាំចេញនៃរ៉ែកម្រ។ លោក Trump បានឆ្លើយតបវិញដោយការគំរាមដំឡើងពន្ធលើទំនិញចិនដល់កម្រិតបីខ្ទង់ ដោយបង្កភាពរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុ និងទំនាក់ទំនងរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។
បន្ទាប់ពីការតបតគ្នានេះ លោក Bessent និងភាគីចិន បានប្រឹងទប់ស្កាត់ភាពតានតឹង ដោយធានាទំនុកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនទាំងសងខាងនៃតំបន់ប៉ាស៊ីហ្វិក និងគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងក្រុមចរចាទាំងពីរ និងលទ្ធភាពដែលអាមេរិក-ចិន អាចស្វែងរកផ្លូវឆ្ពោះទៅមុខលើកិច្ចព្រមព្រៀងពន្ធបណ្ដោះអាសន្ននាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លទ្ធភាពនៃច្រកចេញពីជម្លោះពាណិជ្ជកម្មក៏មានខ្ពស់ ខណៈលោក Trump និងលោក Xi មានគម្រោងជួបប្រជុំអំឡុងជំនួបកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលរៀបចំដោយកូរ៉េខាងត្បូង នៅចុងខែតុលានេះ៕

