ភ្នំពេញ៖ បន្ទាប់ពីបានស្តេចយាងចាកចេញទៅកាន់ទីក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី៣កុម្ភៈ ដើម្បីចូលរួមបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសព្វព្រះរាជហឫទ័យស្តេចយាងនិវត្តមកដល់មាតុប្រទេសវិញហើយនៅយប់ថ្ងៃទី៥ខែកុម្ភៈនេះ។
វត្តមានយាងនិងអញ្ជើញទៅថ្វាយព្រះរាជដំណើរនិវត្តរបស់អង្គព្រះមហាក្សត្រដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជា ព្រមជាមួយវត្តមានសម្តេច ឯឧ ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាលសំខាន់ៗមួយចំនួនទៀត។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ក្រោមប្រធានបទ«រួមគ្នាឆ្ពោះទៅអនាគត»បានបង្ហាញឱ្យឃើញអំពីបំណងប្រាថ្នារបស់សហគមន៍វាសនារួមនៃមនុស្សជាតិនិងការយកឈ្នះលើបញ្ហាប្រឈមជាសកល។
ព្រះវត្តមានដែលព្រះអង្គ សព្វព្រះរាជហឫទ័យតបតាមបង្គំថ្វាយ ស្ដេចយាងចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងាប៉េកាំងឆ្នាំ២០២២នេះ បានជួយពង្រឹងចំណងមិត្តភាពជាប្រពៃណី ចំណងមិត្តភាពដូចបងប្អូន និងភាពជាដៃគូវាងកម្ពុជា-ចិន។
គួរបញ្ជាក់ថា៖ចាប់តាំងពីកិច្ចជំនួបជាប្រវត្តិសាស្ត្ររវាងព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ«ព្រះបរមរតនកោដ្ឋ»និងឯកឧត្តម Zhou Enlai នាយករដ្ឋមន្ត្រីចិន ក្នុងសន្និសីទអាស៊ី-អាហ្រ្វិកនាទីក្រុងBandungប្រទេសឥណ្ឌូណេស៊ីកាលពីខែមេសាឆ្នាំ១៩៥៥មក កម្ពុជា និងចិនបានក្លាយជាមិត្តចាស់ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ។
រយៈពេលជាង៦០ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពកម្ពុជា-ចិនទទួលបានការអភិវឌ្ឍន៍រីកចម្រើនហើយក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចិនបានជួយកម្ពុជាយ៉ាងច្រើន ដោយបានចាត់បញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដនិងផ្តល់ជូនជាសម្ភារៈ និងវ៉ាក់សាំងដល់កម្ពុជាដើម្បីចាក់ជូនប្រជាពលរដ្ឋសំដៅបង្កើនបាននូវភាពស៊ាំក្នុងសហគមន៍។
បច្ចុប្បន្នវ៉ាក់សាំងកូវីដ១៩ដែលកម្ពុជាទទួលបានគឺមានជាង៩០%បានមកពីប្រទេសចិន ដែលនេះបង្ហាញយ៉ាងជាក់ច្បាស់អំពីសហគមន៍ វាសនារួមរវាងកម្ពុជា-ចិន។
ពិធីបើកព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ប្រទេសចិន គឺចាប់ផ្ដើមពីថ្ងៃទី ៤ ដល់ទី ២០ ខែកុម្ភៈ ឆ្នាំ ២០២២ដែលមានអត្តពលិកចូលរួមជិត ៣ពាន់នាក់ លើ ១៥ប្រភេទ កីឡា ១០៩វិញ្ញាសារ ហើយបើតាមការគ្រោងទុកការប្រកួតកីឡារដូវរងាឆ្នាំនៅ២០២៦នឹងធ្វើនៅប្រទេសអុីតាលី៕
អត្ថបទ៖ មុត សុទ្ធ
















