បន្ទាប់ពីប្រគល់សាកសពមនុស្ស ១០នាក់ដែលខ្លួនអះអាងថាជាចំណាប់ខ្មាំងបានស្លាប់ នៅក្នុងសប្តាហ៍នេះ ក្រុមហាម៉ាសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធថា ប្រសិនបើគ្មាន ឧបករណ៍ពិសេស នឹងមិនអាចស្វែងរក ឬដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល១៨នាក់ ដែលបាត់ខ្លួននោះទៀតបានទេ ជាសញ្ញាមួយ ដែលអាចដាក់បទឈប់បាញ់របស់ខ្លួនជាមួយអ៊ីស្រាអែលក្នុងហានិភ័យ។

ការិយាល័យរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ថា ប្រសិនបើក្រុមហាម៉ាស បដិសេធមិនគោរពតាមកិច្ចព្រមព្រៀងនោះ អ៊ីស្រាអែល ក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក នឹងត្រលប់ទៅប្រយុទ្ធវិញដើម្បីកម្ចាត់ក្រុមហាម៉ាសទាំងស្រុង ផ្លាស់ប្តូរការពិតក្នុងដែនដីហ្កាហ្សា និងសម្រេចបាននូវគោលដៅទាំងអស់នៃសង្រ្គាម។
ក្រុមហាម៉ាស បានសង្កត់ធ្ងន់ថា ខ្លួនបានប្តេជ្ញាចិត្តចំពោះអ្វីដែលបានព្រមព្រៀងគ្នា ហើយប្រគល់មនុស្សឱ្យគ្រប់ចំនួន ដែលមានក្នុងលក្ខខណ្ឌនៃអ្នកជាប់ឃុំនៅមានជីវិត និងអ្វីដែលខ្លួនមានទាក់ទងនឹងសាកសពដែលអាចរកឃើញ។ ប៉ុន្តែក្រុមនេះក៏បាននិយាយផងដែរថាខ្លួនត្រូវការឧបករណ៍ពិសេស ដើម្បីទាញយកសាកសពចំណាប់ខ្មាំងបន្ថែមទៀតពីតំបន់ហ្កាហ្សារងការបំផ្លិចបំផ្លាញ ដោយបន្ថែមថាខ្លួនកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបំពេញផ្នែកនៃកិច្ចព្រមព្រៀងនេះ។
ស្របតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់បើកចំហរ ដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុន ចំណាប់ខ្មាំងនៅមានជីវិត២០នាក់នៅតំបន់ហ្កាហ្សា ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសអ៊ីស្រាអែលវិញកាលពីថ្ងៃចន្ទ ជាថ្នូរនឹងអ្នកទោស និងអ្នកឃុំឃាំងប៉ាឡេស្ទីនជិត២.០០០នាក់ ៕

