យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានលើកឡើងថា «ប្រទេសកម្ពុជា
បានឈរនៅចំណាត់ថ្នាក់លេខ 2 ក្នុងសន្ទស្សន៍នៃការងើប ឡើងវិញពីវីរុស Covid-19 របស់ Nikkei (COVID-19 Recovery Index)» បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាន ប្រកាសថា «ខ្លួននឹង ចាប់ផ្តើមរៀនរស់នៅជាមួយវីរុសរាតត្បាតនេះកាលពី 3 ខែមុន»។
ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីនបានធ្លាក់ចុះពីចំណាត់ថ្នាក់ លេខ 45 ទៅនៅចំណាត់ថ្នាក់104 វិញ បន្ទាប់ពីវីរុសទម្រង់ omicron បានបង្កឱ្យមានការផ្ទុះឡើងនូវករណីឆ្លងយ៉ាងច្រើន។
សន្ទស្សន៍នេះបានធ្វើការវាយតម្លៃប្រទេសនិងតំបន់ លើការគ្រប់គ្រងការឆ្លងវីរុស, ការចាក់
វ៉ាក់សាំងនិងការចល័តទីនៅក្នុងសង្គម។ -ចំណាត់ថ្នាក់កាន់តែខ្ពស់ មានន័យថា :
ទីកន្លែងនោះបានងាក ទៅកាន់តែជិតនឹងការ ងើបឡើងវិញពីវីរុស ដោយសារករណីឆ្លងមានចំនួនតិចជាងមុន, អត្រានៃការចាក់
វ៉ាក់សាំងកាន់តែច្រើន និងវិធានការរក្សាគម្លាតសង្គមមិនសូវតឹងរ៉ឹងខ្លាំង។
កម្ពុជាបាននិងកំពុងដើរទៅមុខជាលំដាប់នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយក្នុងនោះ កម្ពុជា បានរាយការណ៍អំពីករណីឆ្លងតិចជាង 1,000 ករណីនៅក្នុងខែមករា និងមិនមានអ្នកស្លាប់ដោយសារវីរុសCovid-19 នោះទេនៅក្នុងរយៈពេល 1 ខែកន្លងមកនេះ។
ការផ្ទុះឡើងដ៏ធំនៃករណីឆ្លងដែលបាន ចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ 2021 បានបន្តអូសបន្លាយអស់រយៈពេលជាច្រើនខែ និងបានបង្កផលប៉ះពាល់ដល់វិស័យសុខភាពសាធារណៈ និងបានបង្កឱ្យយមាន ការបិទខ្ទប់ប្រទេសជាទ្រង់ទ្រាយធំ។
សារព័ត៌មាននេះបានបន្តថា ទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានបន្តជំរុញយុទ្ធនាការចាក់
វ៉ាក់សាំងរបស់ខ្លួន ដោយបានពឹងផ្អែកជាចម្បងលើវ៉ាក់សាំង ដែលផលិតដោយប្រទេសចិន។គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំង
របស់កម្ពុជាបានដើរ លឿនជាងគោលដៅដែលបានកំណត់ ដែលជាហេតុជំរុញឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យបើកដំណើរការប្រទេសឡើងវិញទាំងស្រុង។
ក្រោយមក នៅក្នុងខែដដែលនោះ កម្ពុជាបានក្លាយជាសមាជិកអាស៊ានដំបូងគេដែល បានលើកលែងការធ្វើចត្តាឡីស័កលើអ្នកធ្វើដំណើរពីបរទេស ដែលបានចាក់វ៉ាក់សាំងពេញលេញ។
របាយការណ៍របស់អង្គការសុខភាពពិភពលោកដែលចុះថ្ងៃទី24 ខែមករា បានឱ្យដឹងថា «98.5% នៃមនុស្សពេញវ័យរបស់កម្ពុជា និង96.8% នៃកុមារ ដែលមានអាយុចាប់ពី 5 ឆ្នាំឡើងទៅបានទទួលវ៉ាក់សាំង Covid-19 ចំនួន 2 ដូស ខណៈដែលប្រជាជនពេញវ័យជិត ពាក់កណ្តាលបានទទួលវ៉ាក់សាំងដូសជំរុញរួចរាល់»។
របាយការណ៍ដដែលនោះបានឱ្យដឹងទៀតថា «ប្រហែល 85% នៃវ៉ាក់សាំងចំនួន 43.5 លានដូសដែលកម្ពុជាមាន គឺទទួលបានពីការបញ្ជាទិញពីចិន ឬទទួលបានពីការបរិច្ចាគពីប្រទេសចិន»៕


