សារព័ត៌មានរ៉យទ័របានចេញផ្សាយអត្ថបទបែបវិភាគមួយកាលពីថ្ងៃពុធ (១៥ តុលា) ថា ការបន្តបិទរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក ដែលបានផ្អាកលំហូរទិន្នន័យផ្លូវការ អាចនឹងបង្កភាពអាប់អួរដល់អ្នកបង្កើតគោលនយោបាយនៅជប៉ុន និងប្រទេសផ្សេងទៀតទូទាំងពិភពលោក ដោយសារទិន្នន័យពីទ្រព្យសម្បត្តិរបស់សេដ្ឋកិច្ចធំជាងគេរបស់ពិភពលោកមួយនេះ មានសារៈសំខាន់ខ្លាំងសម្រាប់ចក្ខុវិស័យរូបិយបណ្ណផ្ទាល់ក្នុងប្រទេសនីមួយៗ ក៏ដូចជាប្រតិបត្តិការពាណិជ្ជកម្ម និងអតិផរណា។

រឿងរ៉ាវដែលកើតឡើងនៅអាមេរិក មិនស្ថិតនៅតែក្នុងទឹកដីអាមេរិកទេ ហើយក្រុមមន្ត្រីទូទាំងសកលលោកបាននិយាយថា ការអាក់ខានទិន្នន័យពីទីក្រុងវ៉ាស៊ីនដោយសារការបិទរដ្ឋាភិបាល យូរៗទៅអាចធ្វើឱ្យមានភាពស្មុគស្មាញដល់ការបង្កើតគោលនយោបាយរបស់ប្រទេសនីមួយៗ និងបង្កើនហានិភ័យនៃកំហុសឆ្គង នៅពេលដែលអន្តរជាតិកំពុងកែតម្រូវឱ្យស្របតាមបំណងរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ដើម្បីធ្វើឱ្យពាណិជ្ជកម្មសកលដំណើរការឡើងវិញ។

លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន (BOJ) បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី៣ ខែតុលា រឿងបិទរដ្ឋាភិបាលអាមេរិកថា "នេះជាបញ្ហាធ្ងន់ធ្ងរណាស់ ហើយជប៉ុនយើងសង្ឃឹមថានឹងត្រូវដោះស្រាយបានក្នុងពេលឆាប់ៗ" ដោយលើកពីឧបសគ្គការសម្រេចចិត្តដំឡើងអត្រាការប្រាក់ដែល BOJ ត្រូវប្រឈមមុខ។

គិតចាប់ពីថ្ងៃទី១ ខែតុលាមក ការបិទរដ្ឋាភិបាលអាមេរិក បានចូលដល់សប្តាហ៍ទី៣ហើយ ខណៈព្រឹទ្ធសភាកាលពីថ្ងៃអង្គារ បានបរាជ័យជាថ្មីម្ដងទៀតនៅក្នុងការទទួលបានការគាំទ្រ ៦០សំឡេងដែលត្រូវការចាំបាច់ ដើម្បីជំរុញច្បាប់ផ្តល់មូលនិធិរយៈពេលខ្លីដែលគាំទ្រដោយបក្សសាធារណរដ្ឋ ដើម្បីបើកដំណើរការរដ្ឋាភិបាលឡើងវិញ៕