បញ្ជាការមជ្ឈិមបូព៌ារបស់យោធាសហរដ្ឋអាមេរិក CENTCOM កាលពីថ្ងៃពុធ (១៥ តុលា) បានព្រមានប្រាប់ក្រុមហាម៉ាស ឱ្យបញ្ឈប់អំពើហិង្សារបស់ខ្លួនប្រឆាំងនឹងជនស៊ីវិលនៅតំបន់ហ្កាហ្សា និងត្រូវដកហូតអាវុធជាបន្ទាន់ "ដោយមិនបង្អង់យូរឡើយ" ខណៈក្រុមសកម្មប្រយុទ្ធមួយនេះព្យាយាមបង្ហាញអំណាចខ្លួនជាថ្មីដោយការដាក់ពង្រាយកម្លាំងសន្តិសុខ និងប្រហារជីវិតអ្នកដែលខ្លួនចាត់ទុកថាជា ពួកសហការជាមួយអ៊ីស្រាអែល។

ក្រុមហាម៉ាស ដែលមិនបានប្តេជ្ញាចិត្តជាសាធារណៈថារំសាយអាវុធនិងផ្តាច់អំណាចនោះ បានបញ្ជូនយុទ្ធជនរបស់ខ្លួនត្រឡប់ទៅតាមដងផ្លូវតំបន់ហ្កាហ្សាវិញបន្តិចម្តងៗ ចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើមកាលពីថ្ងៃសុក្រសប្ដាហ៍មុនមក។ ជាមួយគ្នានេះ ប្រភពសន្តិសុខប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា ហាម៉ាសបានសម្លាប់សមាជិកជាង ៣០នាក់នៃ "ក្រុមអន្ធពាល" មួយនៅទីក្រុងហ្កាហ្សា ដោយមិនបញ្ជាក់ឈ្មោះក្រុមនោះឡើយ។
លោកមេបញ្ជាការ Brad Cooper ប្រធានទីបញ្ជាការមជ្ឈិមបូព៌ា CENTCOM បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "CENTCOM ជំរុញឱ្យក្រុមហាម៉ាស បញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងការបាញ់ប្រហារលើជនស៊ីវិលប៉ាឡេស្ទីនស្លូតត្រង់នៅហ្កាហ្សា"។ លោក Cooper ក៏ប្រាប់ក្រុមនេះកុំឱ្យរឹងទទឹង និងប្រកាន់ខ្ជាប់ "យ៉ាងម៉ឺងម៉ាត់" នូវផែនការហ្កាហ្សារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ហើយទម្លាក់អាវុធរបស់ខ្លួនដោយមិនបង្អង់យូរ។
ផែនការសន្តិភាពរបស់លោក Trump នេះនឹងមើលឃើញក្រុមហាម៉ាសអស់អំណាចនៅក្នុងតំបន់ហ្កាហ្សាដែលគ្មានយោធា ហើយដែនដីនេះនឹងត្រូវគ្រប់គ្រងដោយគណៈកម្មាធិការប៉ាឡេស្ទីន ក្រោមការត្រួតពិនិត្យអន្តរជាតិ។ ផែនការ ២០ចំណុចនេះក៏អំពាវនាវឱ្យមានការដាក់ពង្រាយបេសកកម្មស្ថេរភាពអន្តរជាតិផងដែរ ដែលនឹងបណ្តុះបណ្តាល និងគាំទ្រដល់កងកម្លាំងនគរបាលប៉ាឡេស្ទីន៕

