ប្រមុខការពារជាតិរបស់ឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃពុធ (១៥ តុលា) ថា ទីក្រុងហ្សាការតា នឹងទិញយន្តហោះចម្បាំងប្រភេទ ឆឹងទូ J-10C ដែលផលិតដោយចិន យ៉ាងតិច ៤២គ្រឿង ក្នុងតម្លៃរាប់ពាន់លានដុល្លារអាមេរិក ដែលជាកិច្ចព្រមព្រៀងទិញយន្តហោះមិនមែនលោកខាងលិច ជាលើកដំបូងបំផុតរបស់ប្រទេសនេះ។

រដ្ឋមន្ត្រីការពារជាតិ លោក Sjafrie Sjamsoeddin បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីហ្សាការតាថា ឥណ្ឌូនឹស៊ីនឹងទិញយន្តហោះចម្បាំងពីប្រទេសចិន ក្នុងពេលឆាប់ៗនេះ ដែលជាផ្នែកនៃផែនការធ្វើទំនើបកម្មយោធារបស់ខ្លួន។ លោកបន្តថា "J-10C ទាំងនោះនឹងហោះពីលើទីក្រុងហ្សាកាតាឆាប់ៗ" ដោយមិនលម្អិតបន្ថែមទៀតឡើយ។ ក្រុមអ្នកវិភាគនិយាយថា កិច្ចព្រមព្រៀងនេះអាចប៉ះពាល់ដល់ភាពរសើបក្នុងតំបន់ និងភូមិសាស្ត្រនយោបាយ។
ផែនការទិញយន្តហោះ J-10 នេះត្រូវលាតត្រដាងជាលើកដំបូងកាលពីខែមុន ដោយអ្នកនាំពាក្យក្រសួងការពារជាតិ គឺលោក Frega Wenas ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Purbaya Yudhi Sadewa កាលពីថ្ងៃពុធ បានបញ្ជាក់ថា ថវិកាបានអនុម័តរួចរាល់ហើយសម្រាប់ការទិញយន្តហោះពីប្រទេសចិន ដែលឈានដល់ជាង ៩ពាន់លានដុល្លារអាមេរិក។
គួរឱ្យដឹងថា កងទ័ពអាកាសឥណ្ឌូនេស៊ីបច្ចុប្បន្ន មានយន្តហោះចម្បាំងមកពីប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក រុស្ស៊ី និងអង់គ្លេស ហើយយន្តហោះមួយចំនួនក្នុងចំណោមនោះត្រូវការធ្វើទំនើបកម្មឱ្យប្រសើរឡើង ឬត្រូវទិញថ្មីមកជំនួស៕

