ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃពុធ ទី១៥ ខែតុលា ថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis ពីលទ្ធភាពនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន។

លោកបាននិយាយដូច្នេះនៅក្នុងសុន្ទរកថាតាមវីដេអូ ខណៈអ៊ុយក្រែនកំពុងទប់ទល់ជាមួយនឹងការដួលរលំពីការវាយប្រហាររបស់រុស្ស៊ីលើប្រព័ន្ធថាមពលរបស់ខ្លួន។

លោក Zelenskyy ក៏បាននិយាយផងដែរថា ជំនួបនៅថ្ងៃសុក្រទី ១៧ ខែតុលារបស់លោកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump «ពិតជាអាចនាំមកនូវការបញ្ចប់សង្រ្គាម» ជាមួយរុស្ស៊ីដោយលើកឡើងពីឥទ្ធិពលជាសកលរបស់ទីក្រុងវ៉ាស៊ីនតោន។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump ជាថ្មីម្តងទៀតបានរិះគន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំឡុងការអត្ថាធិប្បាយទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន ដោយនិយាយថា មេដឹកនាំរុស្ស៊ីរូបនេះ គ្មានឆន្ទៈក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេ។