ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិរបស់សហរដ្ឋអាមេរិក NTSB បាននិយាយកាលពីថ្ងៃពុធ (១៥ តុលា) ថា កំហុសវិស្វកម្ម និងការធ្វើតេស្តមិនគ្រប់គ្រាន់ បានរួមចំណែកដល់ឧប្បត្តិហេតុផ្ទុះដ៏មហន្តរាយកាលឆ្នាំ២០២៣ នៃនាវាមុជទឹកទេសចរឯកជនខ្នាតតូចមួយគ្រឿង ក្នុងអំឡុងពេលបេសកកម្មទៅមើលបំណែកកប៉ាល់ទីតានិកដ៏ល្បីល្បាញ។

របាយការណ៍នេះបានកើតឡើងបន្ទាប់ពីការស៊ើបអង្កេតរបស់ឆ្មាំល្បាតឆ្នេរអាមេរិក កាលពីខែសីហា បានគូសបញ្ជាក់ពីបញ្ហាមួយចំនួនជាមួយនឹងការប្រព្រឹត្តរបស់ប្រតិបត្តិករ OceanGate ក៏ដូចជាគុណវិបត្តិនៃរចនាបទនៅក្នុងនាវាមុជទឹក Titan ខ្នាតតូច ដែលនាំឱ្យមាន "សោកនាដកម្មដែលអាចការពារបាន" ដែលក្នុងនោះអ្នកដំណើរទាំង ៥នាក់បានស្លាប់ក្នុងការផ្ទុះទាំងអស់។
របាយការណ៍ NTSB និយាយថា៖ គេបានរកឃើញថា ដំណើរការវិស្វកម្ម OceanGate សម្រាប់នាវា Titan គឺមិនគ្រប់គ្រាន់ទេ ហើយបាននាំឱ្យមានការសាងសង់នាវា ដែលមានសម្ពាធទាប ផ្ទុកដោយសមាសធាតុកាបូនមិនប្រក្រតីជាច្រើន និងបរាជ័យក្នុងការបំពេញតម្រូវការកម្លាំង និងភាពធន់ចាំបាច់។
គួររម្លឹកថា ជនរងគ្រោះទាំង៥នាក់ក្នុងការផ្ទុះនាវានេះរួមមាន នាយកប្រតិបត្តិ OceanGate ផ្ទាល់គឺលោក Stockton Rush មហាសេដ្ឋីជនជាតិអង់គ្លេស Hamish Harding អ្នកស្រាវជ្រាវខាងសមុទ្រជនជាតិបារាំង Paul-Henri Nargeolet មហាសេដ្ឋីប៉ាគីស្ថានសញ្ជាតិអង់គ្លេស Shahzada Dawood និងនិងកូនប្រុសឈ្មោះ Suleman ។ សំបុត្រជិះនាវានេះមានតម្លៃ ២៥ម៉ឺនដុល្លារអាមេរិក ក្នុងមនុស្សម្នាក់។
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ យាន Titan នោះចេញដំណើរបានប្រហែល ១ម៉ោង៤៥នាទី រួចក៏បានបាត់ទំនាក់ទំនង ហើយក្រោយមក កម្ទេចកម្ទីរបស់យានត្រូវបានរកឃើញប៉ុន្មានថ្ងៃបន្ទាប់ ក្រោមបាតសមុទ្រចម្ងាយប្រមាណ ៥០០ម៉ែត្រប៉ុណ្ណោះពីបំណែកកប៉ាល់ទីតានិក៕

