នគរបាលប្រទេសប៉េរូ បានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករដែលព្យាយាមចូលទៅដល់សភាកាលពីថ្ងៃពុធ ទី១៥ ខែតុលា ក្នុងការតវ៉ាដ៏ធំលើកដំបូងប្រឆាំងប្រធានាធិបតីបណ្តោះអាសន្នលោក Jose Jeri ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានចូលកាន់តំណែងបន្ទាប់ពីការផ្លាស់ប្តូររដ្ឋាភិបាលភ្លាមៗ។

ក្រុមបាតុកររាប់រយនាក់បានមកប្រមូលផ្តុំគ្នានៅជិតខាងមុខវិមានសភាក្នុងទីក្រុងLima ហើយបន្ទាប់ពីព្យាយាមវាយបំផ្លាញរនាំងដែកសុវត្ថិភាព បានដុតទង់ជាតិនិងវត្ថុផ្លាស្ទិក នៅពេលដែលនគរបាលចូលទៅ ដោយបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងបង្ខំហ្វូងមនុស្សឱ្យដកខ្លួនថយ។

ការតវ៉ានេះ បានធ្វើឡើងរយៈពេល៦ថ្ងៃមកហើយបន្ទាប់ពីប្រធានាធិបតី លោកស្រី Dina Boluarte ត្រូវបានដកចេញពីតំណែង និងដាក់ជំនួសដោយលោក Jeri ជាប្រធានសភា។ យោងតាមរូបភាពទូរទស្សន៍បានបង្ហាញ ការតវ៉ាដែលបានកើតឡើងរនៅក្នុងទីក្រុងផ្សេងទៀតប៉ុន្តែពុំមានឧប្បត្តិហេតុធំដុំនោះទេ ដោយបានទាមទារវិធានការប្រឆាំងការកើនឡើងឧក្រិដ្ឋកម្ម និងកំណែទម្រង់នយោបាយ។
បាតុកម្មជាច្រើន ត្រូវបានអំពាវនាវនៅលើបណ្តាញផ្សព្វផ្សាយសង្គមដោយក្រុមស៊ីវិល សហជីពកម្មករ និងដឹកជញ្ជូន និងយុវជនមកពីក្រុម Gen Z ដែលកាលពីពេលមុនបានតវ៉ាទាមទារឱ្យអតីតប្រធានាធិបតី លោកស្រី Boluarte លាលែងពីតំណែង។