សហរដ្ឋអាមេរិកទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ និងសង្ឃឹមថា ទំនាក់ទំនងអាស៊ាន-អាមេរិក កាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមនៅក្នុងតំបន់។ នេះបើយោងតាមលិខិតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ផ្ញើជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សហរដ្ឋអាមេរិកគាំទ្រមជ្ឈភាពអាស៊ានឥតងាករេ ចំពោះនិម្មាបនកម្មតំបន់ដែលមានអាស៊ានជាស្នូល និងជាបេះដូងនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅក្នុងឆ្នាំ២០២២នេះ។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោននៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក៕

