ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ (១៥ តុលា) បានសន្យាផ្តល់ជំនួយយោធាយ៉ាងច្រើនជាង ២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ខណៈរដ្ឋាភិបាលនៅទីក្រុងគីវ បានផ្តល់សញ្ញាថាខ្លួននឹងត្រូវការប្រាក់ដល់ទៅ ១២០ពាន់លានដុល្លារ សម្រាប់ថវិកាការពារជាតិនៅឆ្នាំ២០២៦ ដើម្បីទប់ទល់នឹងសង្គ្រាមដែលអូសបន្លាយជិត ៤ឆ្នាំមកហើយរបស់រុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា ទីក្រុងប៊ែរឡាំងនឹងទិញសព្វាវុធអាមេរិកតម្លៃ ៥០០លានដុល្លារឱ្យអ៊ុយក្រែន ក្រោមកម្មវិធីថ្មីមួយដើម្បីបំពាក់យុទ្ធោបករណ៍ឱ្យបានលឿន។ ជាមួយគ្នានេះ អេស្តូនី ហ្វាំងឡង់ លីទុយអានី និងស៊ុយអែត បាននិយាយថា ពួកគេក៏នឹងចូលរួមក្នុងគំនិតផ្តួចផ្តើមផ្តល់មូលនិធិនេះផងដែរ។
លោក Pistorius បន្ថែមថា ក្រៅពីនោះ អាល្លឺម៉ង់នឹងផ្តល់ដោយឡែកពីគ្នានូវប្រព័ន្ធការពារដែនអាកាស Iris-T ចំនួនពីរផ្សេងទៀត រួមទាំងមីស៊ីលប្រព័ន្ធទូរបញ្ជាមួយចំនួនធំ ក៏ដូចជាមីស៊ីលដែនអាកាស ចំណែកអាវុធប្រឆាំងរថក្រោះ ឧបករណ៍ទំនាក់ទំនង និងអាវុធប្រើដោយដៃ ក៏នឹងត្រូវចែកចាយផងដែរ។
នៅក្រោមការរៀបចំហិរញ្ញវត្ថុ — ដែលត្រូវគេស្គាល់ថាជាបញ្ជីតម្រូវការអ៊ុយក្រែនអាទិភាព ឬហៅកាត់ថា PURL — សម្ព័ន្ធមិត្តអ៊ឺរ៉ុប និងកាណាដា កំពុងទិញសព្វាវុធរបស់អាមេរិក ដើម្បីជួយក្រុងគីវ ទប់ទល់កងកម្លាំងរបស់រុស្ស៊ី។ កញ្ចប់តម្លៃប្រហែល ២ពាន់លានដុល្លារ ត្រូវបែងចែករួចមកហើយ ចាប់តាំងពីខែសីហាមក។ ឃ្លាំងស្តុកអាវុធបម្រុងរបស់អឺរ៉ុប បានរីងស្ងួតអស់ហើយ ហើយមានតែសហរដ្ឋអាមេរិកទេ នៅមានឃ្លាំងអាវុធគ្រប់គ្រាន់ ដែលអ៊ុយក្រែនត្រូវការបំផុត៕

