ការិយាល័យរដ្ឋអាជ្ញាប្រចាំរដ្ឋ បាននិយាយកាលពីថ្ងៃពុធ (១៥ តុលា) ថា សាកសពបុរស ៦០នាក់ ត្រូវបានគេរកឃើញកាលពីដើមឆ្នាំនេះ នៅក្នុងតំបន់ជនបទនៃរដ្ឋ Sonora ដ៏ហិង្សា ភាគខាងជើងប្រទេសម៉ិកស៊ិក ដែលមានព្រំប្រទល់ជាប់នឹងរដ្ឋ Arizona របស់សហរដ្ឋអាមេរិក ចំពេលមានការកើនឡើងនៃអំពើហិង្សានៅក្នុងតំបន់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យនេះបាននិយាយថា សាកសពដែលបានរកឃើញនោះគឺនៅក្នុងខែមករា និងខែកុម្ភៈ ក្នុងទីក្រុង Hermosillo របស់រដ្ឋ Sonora ហើយជាសពរបស់មនុស្សដែលត្រូវចាប់ជំរិតក្នុងរលកនៃការ "ជម្រះបញ្ជីសងសឹក" រវាងអង្គការឧក្រិដ្ឋកម្មដែលកំពុងប្រតិបត្តិការក្នុងតំបន់។
ការិយាល័យនេះបន្តថា "ការកំណត់អត្តសញ្ញាណត្រូវធ្វើឡើងតាមរយៈភស្តុតាងវិទ្យាសាស្ត្រសម្រាប់ជនរងគ្រោះម្នាក់ៗ ចំណែកសពបានប្រគល់ឱ្យក្រុមគ្រួសារវិញរួចរាល់ហើយ" ដោយបន្ថែមថា យ៉ាងហោចណាស់មនុស្ស ៥នាក់ ត្រូវបានចាប់ខ្លួនទាក់ទងនឹងករណីនេះ។
អំពើហិង្សាបានកើនឡើងខ្លាំងនៅក្នុងរដ្ឋ Sonora ប្រទេសម៉ិកស៊ិក ដោយសារតែការប៉ះទង្គិចគ្នាឥតឈប់ឈររវាងក្រុមឧក្រិដ្ឋជន ដែលកំពុងប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងច្រកផ្លូវសម្រាប់ការជួញដូរគ្រឿងញៀន និងបញ្ជូនជនអន្តោប្រវេសន៍ដោយមធ្យោបាយខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក៕