មន្ត្រីជាន់ខ្ពស់មួយរូបក្នុងការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានសង្កត់ធ្ងន់ទៅកាន់កាសែត The Times of Israel កាលពីថ្ងៃពុធ (១៥ តុលា) ថា សង្រ្គាមក្នុងតំបន់ហ្កាហ្សា នៅតែ “មិនទាន់ចប់នោះទេ” បើទោះបីជាប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសក្ដែងៗកាលពីដើមសប្តាហ៍នេះថា សង្រ្គាមចប់ហើយក៏ដោយ រួមទាំងលិខិតមួយរបស់រដ្ឋាភិបាលអ៊ីស្រាអែលទៅកាន់គ្រួសារចំណាប់ថ្នូរ ដែលនិយាយថា សង្គ្រាមបានបញ្ចប់។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះបាននិយាយថា "ពេលនេះនៅតែស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ" ដោយសំដៅលើកិច្ចព្រមព្រៀងឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ ដែលបានបញ្ឈប់ការប្រយុទ្ធរយៈពេលពីរឆ្នាំមកនេះ។ មន្រ្តីជាន់ខ្ពស់រូបនេះបន្តថា "បើដំណាក់កាលបទឈប់បាញ់ទាំងអស់មិនទាន់បំពេញឱ្យចប់ នោះសង្រ្គាមក៏មិនទាន់ចប់ដែរ"។
មន្ត្រីរូបនេះបន្ថែមថា៖ លោក Trump បាននិយាយថាសង្រ្គាមចប់ហើយពិតមែន ប៉ុន្តែលោកថែមទាំងនិយាយថា ក្រុមហាម៉ាសត្រូវតែរំសាយអាវុធ ដូចនេះហើយប្រសិនបើពួកគេមិនធ្វើរឿងនេះដោយស្ម័គ្រចិត្តទេ នោះអ៊ីស្រាអែលនឹងចាត់វិធានការដកអាវុធហាម៉ាសដោយខ្លួនឯង។
គួរឱ្យដឹងថា ផែនការ ២០ចំណុចរបស់លោក Trump ដែលយល់ព្រមដោយទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានកំណត់ថាក្រុមប៉ាឡេស្ទីនមួយនេះត្រូវតែត្រូវរំសាយអាវុធ ហើយហ្កាហ្សាគ្មានយោធា គ្មានរោងចក្រផលិតអាវុធនៅខាងក្នុងនោះ និងគ្មានការរត់ពន្ធអាវុធតាមព្រំដែននោះឡើយ។ ទោះជាក្រុមហាម៉ាស បាក់កម្លាំងខ្លាំងក៏ដោយ ប៉ុន្តែរហូតមកទល់ពេលនេះ ក្រុមសកម្មប្រយុទ្ធនេះមិនបានបង្ហាញសញ្ញានៃការរំសាយអាវុធទេ៕