អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សានិយាយថា ខ្លួនបានទទួលអដ្ឋិធាតុរបស់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៤៥នាក់ ដែលត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងរបស់អ៊ីស្រាអែល តាមរយៈគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ ដោយនាំឱ្យចំនួនសាកសពសរុបដែលត្រូវបានប្រគល់មានចំនួន ៩០នាក់ ជាផ្នែកនៃកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក។
អាជ្ញាធរសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ក្រុមគ្រូពេទ្យសង្គ្រោះបឋមកំពុងបន្តពិនិត្យ ចងក្រងឯកសារ និងរៀបចំសាកសពដើម្បីប្រគល់ទៅឲ្យក្រុមគ្រួសារ » ស្របតាមនីតិវិធី និងពិធីការវេជ្ជសាស្រ្តដែលត្រូវបានអនុម័ត»។

ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់គាំទ្រដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មានគោលបំណងបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សារយៈពេលពីរឆ្នាំមកនេះ ហើយអ៊ីស្រាអែលត្រូវប្រគល់សាកសពពលរដ្ឋប៉ាឡេស្ទីនត្រឡប់មកវិញ។
ប្រជាជនប៉ាឡេស្ទីនបានរង់ចាំព័ត៌មានអំពីសាកសពដែលបានមកដល់មន្ទីរពេទ្យ Nasser កាលពីថ្ងៃអង្គារ និងថ្ងៃពុធ ខណៈក្រុមធ្វើកោសល្យវិច្ច័យបានពិពណ៌នាអំពីស្ថានភាពដែលមានស្លាកស្នាមលើសាកសពថាជាការរំលោភបំពានលើរាងកាយ។
ប្រភពវេជ្ជសាស្ត្របាននិយាយថា សាកសពពលរដ្ឋប៉ាឡេស្ទីនមួយចំនួនត្រូវបានរុំភ្នែក និងដាក់ខ្នោះដៃ ដែលបង្ហាញថា «ការប្រហារជីវិត» ប្រហែលជាអាចកើតឡើង។
វានៅតែមិនទាន់ច្បាស់នោះថាតើសាកសពត្រូវបានជីកយកពីទីបញ្ចុះសពដោយកងទ័ពអ៊ីស្រាអែលក្នុងអំឡុងពេលនៃការវាយលុកតាមដីគោក ឬថាតើពួកគេជាអ្នកដែលត្រូវបានឃុំខ្លួនត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយលុករបស់អ៊ីស្រាអែល ឬយ៉ាងណា។
