ស្នងការសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃពុធ (ទី១៥ ខែតុលា) បានប្រាប់សារព័ត៌មានថា ប្លុកនឹងជំរុញដៃគូ គឺក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំង៧ ឬ G7 ឲ្យពិចារណាលើការទាញយកប្រយោជន៍ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ខណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមនេះ ជួបជុំគ្នា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ជាមួយគ្នានេះ លោកស្នងការ Valdis Dombrovskis បានប្រាប់សារព័ត៌មាននៅក្នុងបទសម្ភាសមួយថា នៅក្នុងរបៀបវារៈរបស់រដ្ឋមន្ត្រី G7 នោះ ការទប់ស្កាត់ដែលបានប្រកាសនាពេលថ្មីៗនេះរបស់ប្រទេសចិន ជុំវិញរ៉ែកម្រ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។

សម្ព័ន្ធមិត្តអ៊ឺរ៉ុប បាននិងកំពុងធ្វើការលើផែនការផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ដោយមិនមានការរឹបអូសដោយផ្ទាល់នូវទ្រព្យសម្បត្តិរបស់រុស្សីដែលត្រូវបានផ្អឹបទុក បន្ទាប់ពីទីក្រុងមូស្គូលុកលុយអ៊ុយក្រែន កាលពីឆ្នាំ២០២២។ ហើយលោក Dombrovskis បាននិយាយថា៖ «ចក្រភពអង់គ្លេស និងកាណាដា បានបង្ហាញនូវឆន្ទៈ ក្នុងការធ្វើការរួមជាមួយនឹងគំរូប្រាក់កម្ចីពីសំណងសង្គ្រាមរបស់ EU។
នៅខាងក្រៅកិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ លោកបានឲ្យដឹងបន្ថែមថា៖ «ដូច្នេះ យើងក៏កំពុងរង់ចាំការឆ្លើយតបជាក់ស្តែងបន្ថែមទៀតពីសហរដ្ឋអាមេរិក និងជប៉ុនផងដែរ»។
គួរបញ្ជាក់ថា ក្រោមផែនការរបស់ខ្លួន EU នឹងខ្ចីមូលនិធិពីអង្គការប្រាក់បញ្ញើអន្តរជាតិ Euroclear នៅប្រទេសបែលហ្ស៊ិក ដែលបានក្លាយទៅជាសាច់ប្រាក់ ហើយនឹងប្រគល់ប្រាក់ទាំងនោះឲ្យអ៊ុយក្រែនខ្ចី៕
