ក្រុមសម្របសម្រួលសកម្មភាពរដ្ឋាភិបាលក្នុងដែនដី (COGAT) នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែតុលា) បានប្រាប់ឲ្យដឹងថា ការរៀបចំកំពុងបន្តធ្វើជាមួយអេហ្ស៊ីប ដើម្បីបើកច្រកព្រំដែនដ៏សំខាន់ Rafah នៅតំបន់ហ្កាហ្សាស្ទ្រីប សម្រាប់ការធ្វើដំណើរចេញ-ចូលរបស់ប្រជាជន។

ជាមួយគ្នានេះ COGAT បានបញ្ជាក់បន្ថែមថា កាលបរិច្ឆេទដែលច្រកឆ្លងកាត់នេះនឹងត្រូវបានបើក នឹងត្រូវបានប្រកាសនៅដំណាក់កាលបន្ទាប់។
មុននេះ អ៊ីស្រាអែលបានព្រមានថា ខ្លួនអាចបិទច្រកព្រំដែន Rafah និងកាត់បន្ថយលំហូរជំនួយចូលទៅក្នុងដែនដីហ្កាហ្សា ដែលខ្លួនបាននិយាយថា ក្រុមហាម៉ាស បាននិងកំពុងប្រគល់សាកសពចំណាប់ថ្នូរដែលបានស្លាប់យឺតយ៉ាវពេក ដោយធ្វើឲ្យមានហានិភ័យដល់បទឈប់បាញ់ ដែលបានបញ្ឈប់សង្គ្រាមដ៏បំផ្លិចបំផ្លាញរយៈពេល ២ឆ្នាំ និងបានឃើញចំណាប់ថ្នូរនៅរស់ទាំងអស់ដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស មានសេរីភាព។
យ៉ាងណាក្ដី COGAT បានឲ្យដឹងថា ជំនួយមនុស្សធម៌បានបន្តចូលទៅក្នុងដែនដីនេះ តាមរយៈច្រក Kerem Shalom ជាមួយអ៊ីស្រាអែល ក៏ដូចជានៅច្រកឆ្លងកាត់ផ្សេងទៀត៕
