ប៉ូឡូញ៖ សារព័ត៌មាន Reuters បាននិយាយថា យន្តហោះដឹកកងទ័ពអាមេរិកបានចុះចតនៅក្នុងប្រទេសប៉ូឡូញកាលពីថ្ងៃអាទិត្យ ខណៈទីក្រុង Washington ពង្រឹងកម្លាំងសម្ព័ន្ធមិត្តណាតូរបស់ខ្លួននៅក្នុងអឺរ៉ុបខាងកើត ស្របពេលរុស្ស៊ីបង្កើនកម្លាំងកងទ័ពនៅតាមព្រំដែនអ៊ុយក្រែន។ លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃពុធបានបញ្ជាឲ្យបញ្ជូនកងទ័ពជិត ៣ពាន់នាក់បន្ថែមទៀតទៅកាន់ប្រទេសប៉ូឡូញ និងរ៉ូម៉ានី ខណៈដែលទីក្រុង Washington ព្យាយាមធានាជាថ្មីដល់សម្ព័ន្ធមិត្តអង្គការណាតូ។
មន្ទីរបញ្ចកោណបាននិយាយថា កងទ័ពប្រមាណ ១,៧០០នាក់ដែលភាគច្រើនមកពីកងពលធំលេខ ៨២ របស់អាកាសអាមេរិក (82nd Airborne Division) នឹងដាក់បញ្ជូនពីទីក្រុង Fort Bragg រដ្ឋ North Carolina ទៅកាន់ប្រទេសប៉ូឡូញ។ ការមកដល់កាលពីថ្ងៃអាទិត្យនៃយន្តហោះ C-17 បានធ្វើឡើងបន្ទាប់ពីយន្តហោះដែលដឹកមេបញ្ជាការកងពលធំលេខ ៨២ របស់អាកាសអាមេរិក ឧត្តមសេនីយ Christopher Donahue ដែលបានចុះចតកាលពីថ្ងៃសៅរ៍នៅអាកាសយានដ្ឋាន Rzeszow-Jasionka និងយន្តហោះពីរ-បីគ្រឿងជាមួយយោទ្ធោបករណ៍អាមេរិក និងក្រុមជំនាញ។
យោងតាមគេហទំព័រកងកម្លាំងអាកាសសហរដ្ឋអាមេរិកគេមិនច្បាស់ទេថា តើមានកងទ័ពប៉ុន្មាននាក់បានទៅដល់ ប៉ុន្តែយន្តហោះ C-17 ត្រូវបានប្រើដើម្បីដឹកជញ្ជូនកងពលទ័ពប៉ារ៉ា ១០២ និងយោទ្ធោបករណ៍របស់ពួកគេ។ លោក Christopher Donahue បានិយាយថា ជំនួយខាងកងទ័ពនៅទីនេះគឺដើម្បីបង្ហាញពីសាមគ្គីភាពរបស់យើង ទៅដល់សម្ព័ន្ធមិត្តរបស់យើងនៅអឺរ៉ុប ហើយអំឡុងពេលមានភាពមិនច្បាស់លាស់នេះ យើងបានដឹងថា យើងកាន់តែរឹងមាំជាមួយគ្នា៕
អត្ថបទ៖ សុខមាន