លោក Jim Bolger គឺជានាយករដ្ឋមន្រ្តីណូវែលសេឡង់ចាប់ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ១៩៩៧ ដែលបានជួយឲ្យមានការចាប់ផ្តើមសករាជថ្មីនៃការផ្សះផ្សាជាមួយជនជាតិភាគតិច Maoriនោះ បានទទួលមរណភាពហើយកាលពីថ្ងៃពុធ ក្នុងវ័យ ៩០ឆ្នាំ ។ នេះបើយោងតាមការអះអាងរបស់គ្រួសារលោកនៅក្នុងសេចក្តីថ្លែងការណ៍ ។
សេចក្តីថ្លែងការណ៍និយាយថា លោក Bolger បានខ្សោយតម្រងនោមកាលពីឆ្នាំមុន ហើយនិងទទួលបានការលាងឈាម ។ លោកទទួលមរណភាពនៅមុខភរិយា Joanរបស់លោក កូនទាំង ៩នាក់របស់លោក និងចៅ ១៨នាក់របស់លោក ។

លោក Bolger បានចូលបម្រើការងារនៅក្នុងសភាកាលពីឆ្នាំ ១៩៧២ ហើយនិងបានក្លាយជាមេដឹកនាំគណបក្សជាតិនៅឆ្នាំ ១៩៨៦មុនពេលក្លាយជានាយករដ្ឋមន្រ្តីនៅឆ្នាំ ១៩៩០ ពេលដែលគណបក្សរបស់លោក ឡើងកាន់អំណាច ។ លោកបានចូលនិវត្តន៍ពីឆាកនយោបាយនៅឆ្នាំ ១៩៩៨ ហើយនិងបម្រើការងារជាឯកអគ្គរដ្ឋទូតណូវែលសេឡង់ប្រចាំសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ១៩៩៨ រហូតដល់ឆ្នាំ ២០០២ ។
កើតក្នុងគ្រួសារចំណាកស្រុកអៀរឡង់ លោក Daniel និងលោកស្រី Cecilia Bolger លោក Bolger បានឈប់រៀនតាំងពីនៅវ័យកុមារ ដើម្បីធ្វើការនៅក្នុងកសិដ្ឋានគ្រួសាររបស់លោក ។ លោកបានរៀបការជាមួយលោកស្រី Joan Riddell នៅឆ្នាំ ១៩៦៣ ហើយពេលដែលពួកគេផ្លាស់ទៅរស់នៅក្នុងកសិដ្ឋានចិញ្ចឹមចៀម និងគោផ្ទាល់ខ្លួនរបស់ពួកគេនៅឆ្នាំ ១៩៦៥ លោកបានចូលរួមឆាកនយោបាយក្នុងស្រុក ។ ប្តីប្រពន្ធ ២នាក់នេះ មានកូន ៩នាក់ ៕
