ការផ្ទុះបានអង្រួនតំបន់ផ្សេងៗគ្នាជាច្រើនរបស់ប្រទេសអេក្វាឌ័រ ក្នុងនោះក្រុមមន្រ្តីបានចោទប្រកាន់ក្រុមឧក្រិដ្ឋជនក្នុងស្រុក និងអតីតក្រុមប្រឆាំង FARC របស់កូឡុំប៊ីថាមានគោលដៅលើស្ពាន ២កន្លែង ជាការសងសឹកនឹងប្រតិបត្តិការយោធាប្រឆាំងកម្មករអណ្តូងរ៉ែខុសច្បាប់ ។
វាគឺជារលកចុងក្រោយនៃអំពើហិង្សាដែលបានហ៊ុមព័ទ្ធប្រទេសនៅអាមេរិកខាងត្បូងមួយនេះ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Daniel Noboa ពិបាកវាយបកឲ្យដកថយក្រុមឧក្រិដ្ឋជនដែលបានផ្លាស់ប្តូរការរត់ពន្ធគ្រឿងញៀនរបស់ពួកគេពីប្រទេសមានយោធាច្រើនដូចជាប្រទេសកូឡុំប៊ី ទៅកាន់ប្រទេសស្ងប់ស្ងាត់ដូចជាអេក្វាឌ័រ ។

រដ្ឋមន្រ្តីដឹកជញ្ជូនអេក្វាឌ័រលោក Roberto Luque និយាយនៅលើបណ្តាញព័ត៌មានសង្គម Xកាលពីថ្ងៃពុធថា គ្រឿងផ្ទុះត្រូវបានបង្កប់នៅលើស្ពាន ដើម្បីរារាំងការធ្វើចរាចរណ៍ ហើយរូបលោកចាត់ទុកទង្វើបែបនេះ ថាជាអំពើភេរវកម្ម ។
លោកបន្តថា ពុំមានគ្រោះថ្នាក់ណាមួយត្រូវបានរាយការណ៍នោះទេ បើទោះបីជាផ្លូវតភ្ជាប់ទៅកាន់តំបន់រងផលប៉ះពាល់ បន្តបិទក៏ដោយ ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអេក្វាឌ័រលោក John Reimberg បានចោទប្រកាន់ក្រុមជនអន្ធពាលអេក្បាឌ័រ Los Lobos ដែលត្រូវបានចាត់ទុកថាជាអង្គការភេរវកម្មបរទេសដោយសហរដ្ឋអាមេរិក ហើយនិងអតីតក្រុមឧទ្ទាម FARC ដែលមានទំនាក់ទំនងជាមួយក្រុមមួយនេះថា ជាអ្នកនៅពីក្រោយការបំផ្ទុះគ្រាប់បែកនេះ ។
លោក Reimberg និយាយថា ការវាយប្រហារនេះដែរ បានកើតមានឡើង ក្រោយប្រតិបត្តិការសន្តិសុខបំផ្លាញសកម្មភាពជីករ៉ែខុសច្បាប់នៅតំបន់ភាគខាងជើងអេក្វាឌ័រ ហើយនិងបានធ្វើការឃាត់ខ្លួនសមាជិកមួយចំនួនរបស់អតីតក្រុម FARC ៕
