សាលារៀននៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានបិទជាបណ្ដោះអាសន្ន កាលពីថ្ងៃពុធ (ទី១៥ ខែតុលា) បន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែកតាមប្រព័ន្ធអ៊ីនធឺណិតរយៈពេល ៣ថ្ងៃជាប់ៗគ្នា បានចាប់ផ្ដើមដំណើរការឡើងវិញហើយ នៅថ្ងៃទី១៦ ខែតុលានេះ ខណៈដែលនគរបាលបន្តស៊ើបអង្កេតលើកាគំរាមរស្រដៀងគ្នាបន្តបន្ទាប់ដែលត្រូវបានរាយការណ៍នៅសាលារៀនទូទាំងប្រទេស។
នគរបាលបានឲ្យដឹងថា ការបង្ហោះ កាលពីថ្ងៃទី១៥ ខែតុលា ដែលអះអាងថា បានបង្កប់គ្រឿងផ្ទុះ នៅវិទ្យាល័យមានទីតាំងនៅតំបន់ Seo-gu ទីក្រុង Incheon ត្រូវបានផ្ញើទៅកាន់មជ្ឈមណ្ឌលរាយការណ៍សុវត្ថិភាព 119 នៅវេលាម៉ោងប្រហែល ៧:៤៣ព្រឹក (ម៉ោងក្នុងស្រុក)។

សារនេះនាំឲ្យសាលាសម្រេចចិត្តបញ្ជូនសិស្សប្រហែល ៩៣០នាក់ត្រឡប់ទៅផ្ទះសម្បែងវិញ។ នគរបាលបានឆែកឆេរសាលា តែរកមិនឃើញគ្រឿងផ្ទុះឡើយ។ អ្នកស៊ើបអង្កេត បានកំណត់ថា សារគំរាមកំហែង ត្រូវបានបង្ហោះតាមរយៈម៉ាស៊ីនមេដែលមានទីតាំងនៅក្រៅប្រទេស ហើយការស៊ើបអង្កេតកំពុងបន្តមាន។ អាជ្ញាធរបាននិយាយថា ការគំរាមកំហែងស្រដៀងគ្នានេះ ត្រូវបានបង្ហោះកាលពីថ្ងៃទី១៣ និងទី១៤ ខែតុលា។
នៅក្នុងការបង្ហោះមួយ អ្នកសរសេរសារបានគំរាមថា នឹងត្រឡប់ទៅសាលាវិញនៅម៉ោង ១១ព្រឹក (ម៉ោងក្នុងស្រុក) ដោយមានកាំបិត និងគ្រឿងផ្ទុះ។ ការបង្ហោះមួយទៀត បានបង្ហាញថា អ្នកវាយប្រហារត្រូវបានរារាំងដោយនគរបាល ប៉ុន្តែនឹងព្យាយាមម្តងទៀត។ ករណីនៅទីក្រុង Incheon នេះ កើតឡើងបន្ទាប់ពីមានការគំរាមកំហែងវាយប្រហារសាលាផ្សេងទៀត នាពេលថ្មីៗនេះ៕
